X

លោក សម រង្ស៊ី សាទរតុលាការដោះលែង លោក កឹម សុខា

ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអបអរសាទចំពោះលោក កឹម សុខា ដែលត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្ន ប៉ុន្តែលោកថា ការដោះលែងនេះមិនគ្រប់គ្រាន់ទេគឺត្រូវតែឲ្យអតីត គណបក្សសង្រ្គោះជាតិរស់ឡើងវិញ។

លោក សម រង្ស៊ី បានលើកឡើងតាមរយៈវីឌីអូដែលបានបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ថា “អបអរសាទលោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ។ ឥឡូវគេដោះលែង កឹម សុខាវិញហើយប៉ុន្តែការដោះលែង នេះមិនគ្រប់គ្រាន់ទេ”។

លោក សម រង្ស៊ី បានលើកឡើងថា ការដោះលែលោក កឹម សុខា គ្រាន់តែមួយជំហានប៉ុណ្ណោះ គឺត្រូវតែទាមទារឲ្យគណបក្សសង្គ្រោះជាកើតឡើងវិញ។

លោកបញ្ជាក់ថា “យើងត្រូវទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង១១៨នាក់មានសិទ្ធិធ្វើនយោបាយឡើងវិញ។យើងត្រូវទាមទារ សមាជិកក្រុមប្រឹក្សាទាំង៥០០៧រូប ទទួលដំណែងឡើងវិញ ហើយយើងត្រូវទាមទារឲ្យមានការបោះឆ្នោតឡើងវិញដោយមានអន្តរជាតិ ទទួលស្គាល់ផងដែរ”។

សូមជម្រាបថា ការលើកឡើងរបស់អតីមេបក្សប្រឆាំងនេះ បន្ទាប់ពីតុលាការរាជធានីភ្នំពេញដោះលែងលោក កឹម សុខា បណ្តោះអាសន្ន កាលពីម៉ោងប្រមាណ៣ភ្លឺ ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានជាប់ពន្ធនាគារនៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជាង១ ឆ្នាំក្រោមបទល្មើសសន្និដ្ឋិភាពជាមួយបរទេសកាលពីពេលកន្លងមក៕

ដោយ៖​ ស សំណាង

Facebook Comments