ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ទទួលមរណភាព របស់លោក បីច រីចច្នឺ ជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលខ្មែរ និងគ្រូពេទ្យដ៏ឆ្នើមកម្ររកបាន

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមមរណៈទុក្ខ ចំពោះការបាត់បង់ ឥស្សរជនមនុស្សធម៌ដ៏ឆ្នើម ក្នុងការជួយសង្រ្គោះ អាយុជីវិតកុមារកម្ពុជា ពីជំងឺដង្កាត់ផ្សេង គឺលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បីច រីចច្នឺ (Prof. Dr. Beat Reachner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ) ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស ដែលនេះជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលខ្មែរ និងគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ ។

យោងតាមគេហទំព័ររបស់ ក្រសួងសុខាភិបាលបានឲ្យដឹងថា “លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាងនាមឲ្យថ្នាក់ដឹកនាំ បុគ្គលិក-មន្ត្រីសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ និងក្នុងនាមរដ្ឋមន្ត្រីផ្ទាល់ សូមសំដែងនូវការសោកស្តាយ ជាទីបំផុតចំពោះមរណៈភាព និងការបាត់បង់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ ដែលនេះមិនត្រឹមតែជាការ បាត់បង់នូវឥស្សរជនជួយ សុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យ ដ៏ឆ្នើមកម្ររកបានផងដែរ” ។

លោកបន្តថា ២៥ឆ្នាំកន្លងទៅ លោកវេជ្ជបណ្ឌិត បីច រីចច្នឺ បានបង្កើតស្នាដៃមនុស្សធម៌ ដ៏ធំធេងក្នុងប្រវត្តិនៃការអភិវឌ្ឍ វិស័យសុខាភិបាលកម្ពុជា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩មក គឺការបង្កើតពង្រីក និងអភិវឌ្ឍន៍មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប ហើយសាស្ត្រាចារ្យ បីច រីចច្នឺ បានបង្ហាត់បង្ហាញដឹកនាំ ការពិនិត្យព្យាបាល ជំងឺកុមារនៅកម្ពុជា ទោះជាស្ថិតក្នុងដំណើរ ដ៏លំបាកលំបិនក៏ដោយ ក៏សាស្ត្រាចារ្យមិនរួញរាឡើយ ថែមទាំងបានលះបង់ ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី តំរិះវេជ្ជសាស្រ្ត និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងស្វែងរក និងប្រមូលវិភាគទានសម្រាប់ ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ដោយកម្លាំងផ្ទាល់ខ្លួន ដោយមិនមានការនឿយហត់ ដើម្បីសុខភាពកុមារកម្ពុជា ។

ប្រភពឲ្យដឹងទៀតថា ទង្វើរបស់លោកសាស្ត្រាចារ្យ បីច រីចច្នឺ ពិតជាគំរូវីរភាពដែលទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ ហើយតាមរយៈស្នាដៃ របស់លោកសាស្ត្រាចារ្យ បីច រីចច្នឺ កុមារកម្ពុជាជាច្រើននាក់ ទទួលបានការពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ហើយសមិទ្ធិផលដែលបាន កើតចេញពីស្នាដៃរបស់លោក នៅលើទឹកដីកម្ពុជានេះ ពិតជាបានបន្សល់ទុក ឲ្យជាផលប្រយោជន៍ សម្រាប់កុមារកម្ពុជាជាបន្ត និងនៅស្ថិតស្ថេរជានិរន្តន៍ ។

លោក ម៉ម ប៊ុន ហេង ក៏បានប្តេជ្ញាខិតខំបន្តនូវបេសកកម្ម មនុស្សធម៌របស់លោក បីច រីចច្នឺ ទៀត ដើម្បីសុខភាពកុមារកម្ពុជា មិនឲ្យសាបសូន្យឡើយ ៕

Facebook Comments

To Top