អន្តរជាតិ

រដ្ឋមន្ត្រីថាមពល​សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូ នៅក្នុងខែកញ្ញានេះ

បរទេស៖ រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក លោក Rick Perry នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលលើកឡើងពីប្រភពការទូត ។

លោក Perry នឹងជាមន្ត្រីជាន់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរទស្សនកិច្ច នៅប្រទេសរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបគ្នាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ក្នុងទីក្រុងហ៊ែលស៊ីងគី កាលពីខែកក្កដា ដើម្បីប្រឹងប្រែងធ្វើឲ្យ ប្រសើរឡើងនូចំណងមិត្តភាព ដែលធ្លាក់ចុះទាប ក្រោយសង្គ្រាមត្រជាក់ ។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីថាមពលអាមេរិករូបនេះ នឹងធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Alexander Novak នៅថ្ងៃទី១៣ ខែកញ្ញា ដោយគ្រោងពិភាក្សាគ្នា អំពីគម្រោងបំពុងបង្ហូរប្រេង Nord Stream 2 របស់ប្រទេសរុស្ស៊ី ដែលនាំយកប្រេងរុស្ស៊ី ទៅប្រទេសអាល្លឺម៉ង់ ដោយឆ្លងកាត់សមុទ្របាល់ទិក ជាគម្រោងមួយ ដែលលោក ត្រាំ រិះគន់ជាខ្លាំង ៕

ដោយ៖​ ប៉ាង កុង

Facebook Comments

To Top