ព័ត៌មានជាតិ

មន្រ្តីក្រសួងមហាផ្ទៃ មិនបណ្តោយឲ្យក្រុមហ៊ុន ខិលខូចយកសុខភាព ពលរដ្ឋធ្វើអាជីវកម្ម

ភ្នំពេញ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា ក្រសួងមិនបណ្តែត បណ្តោយឲ្យក្រុមហ៊ុនខិលខូចមួយ ចំនួនយកសុខភាព របស់ប្រជាពលរដ្ឋមកធ្វើ អាជីវកម្មដើម្បីបំរើ ផលប្រយោជន៍ផ្ទាល់ខ្លួនទៀតទេ ។

បច្ចុប្បន្ននេះ ផលិតផលក្លែងក្លាយ មានជាច្រើនប្រភេទ បាននិងកំពុងចរាចរ នៅលើទីផ្សារទីកម្ពុជា និងមានការផ្សព្វផ្សាយ លក់នៅលើបណ្តាញ សង្គមហ្វេសប៊ុកយ៉ាងផុសផុល ហើយគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ក៏បានចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ។

ក្នុងកម្មវិធី “Thank you RF3 World” នារាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលនិងពិព័រណ៌កោះពេជ្រ លោក មៀច សុផាន់ណា បានថ្លែងថា “យើងនឹងមិនបណ្តោយឲ្យ ក្រុមហ៊ុនខិលខូចណាមួយ យកសុខភាពប្រជាពលរដ្ឋ កម្ពុជាមកធ្វើអាជីវកម្ម ឬជាមុខរបរលេងសើច ដើម្បីទទួលបានផលប្រយោជន៍ សម្រាប់បុគ្គលណាមួយឡើយ” ។

លោកបន្តថា អង្គភាពប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នឹងបន្តយុទ្ធនាការចាប់រាល់ ការចរាចរផលិតផលក្លែងក្លាយ ដែលបង្កផលពិបាកដល់ សុខភាពប្រជាពលរដ្ឋឲ្យខានតែបាន ចំពោះបុគ្គលដែលមានគំនិតរកស៊ី ហើយបង្កភាពអន្តរាយ ដល់ពលរដ្ឋកម្ពុជា ។ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នឹងបន្តសកម្មភាពបេសកម្ម ធ្វើប្រតិបត្តិការចាប់ជនល្មើស មកផ្តន្ទាទោសតាមច្បាប់ជាធរមាន និងគ្មានការលើកលែងឡើយ ចំពោះផលិតផលគេចពន្ធ គ្មានការពិនិត្យ និងចុះបញ្ចីបានត្រឹមត្រូវ ។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំនៅប្រទេសម៉ាឡេស៊ី និងបានចុះប្រវេទន៍ត្រឹមត្រូវ នៅក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបថផ្លូវច្បាប់ត្រឹមត្រូវ ។

លោកបន្តថា គ្រីម Firmax3 ជាគ្រីមលាបលើជីបចរ នៃដងខ្លួនដ៏ពូកែស័ក្តិសិទ្ធិ និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតផលទាំងពីរនេះ បានផលិតតាមបច្ចេកវិទ្យាទំនើបថ្មី មួយដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) រួមមានសារធាតុផ្សំពីរុក្ខធម្មជាតិ សុទ្ធសាធចំនួន ១៣មុខ មកពី៣ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ដែលមានតួនាទីសមត្ថភាព និងឧត្តមភាពខ្ពស់។

ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាពនៃផលិតផល Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និងអះអាងពីស្ថាប័នអន្តរជាតិ ឲ្យចែកចាយជុំវិញពិភពលោក ភ្ជាប់ជាមួយអាជ្ញាប័ណ្ណស្តង់ដារអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។

គ្រីម Firmax3 និងស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ទៅជាង ២០ប្រទេស រួមមាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ុស្សី អូស្ត្រាលី ញូវស៊ីឡែន ៕

ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top