X

បក្សកាន់អំណាច៖ ការដោះលែងលោក កឹម សុខា គ្មានការគាបសង្កត់ពីបរទេស

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានលើកឡើងថា តុលាការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺគ្មានទាក់ទងនឹងការគាបសង្កត់ ពីបរទេសឡើយ ។

លោក កឹម សុខា ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។ គិតត្រឹមថ្ងៃដោះលែង លោក កឹម សុខា បានជាប់ពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ អស់រយៈពេល ១ឆ្នាំ ៦ថ្ងៃហើយ ។

លោក សុខ ឥសាន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ កញ្ញានេះថា ការដោះលែងលោក កឹម សុខា របស់តុលាការអាចវាយតម្លៃបានថា នេះជាឆន្ទានុសិទ្ធរបស់ ចៅក្រមស៊ើបសួរដោយគ្មានការ គាបសង្កត់ពីអន្តរជាតិឡើយ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “ខ្ញុំយល់ថា គ្រាន់តែលើកឡើងដែលមានចរិក ខាងនយោបាយដាក់បន្ទុក មកលើរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែករណី កឹម សុខានេះវាជាករណីស្ថិត នៅក្នុងនីតិវិធិរបស់តុលាការ ដូច្នេះគ្មាននរណាលូកដៃចូល ទៅក្នុងការងាររបស់តុលាការទេ” ។

លោកបន្ថែមថា ការបន្តឃុំខ្លួនលោក កឹម សុខា នាពេលកន្លងមក ក៏ស្ថិតនៅក្រោមនីតិវិធីរបស់តុលាការ ហើយការដោះលែងឲ្យ នៅក្រៅឃុំបណ្ដោះអាសន្ននេះ ក៏ដោយសារតុលាការ ដែលនេះជាឆន្ទានុសិទ្ធប្រកបដោយ ឯករាជ្យរបស់តុលាការ ។

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា ។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនា គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ៕

ដោយ៖ ខា ដា

Facebook Comments