X

នូ ស៊ឹប កំពុងតែអំពាវនាវ ដល់សប្បុរសជនទាំងឡាយ មេត្តាជួយឧបត្ថម្ភលោកផង

ភ្នំពេញៈ តារាចម្រៀងល្បីច្រើនជំនាន់ លោក នូ ស៊ឹប កំពុងរស់នៅខ្វះខាត បានព្រឹកខ្វះល្ងាច នៅក្នុងបន្ទប់ជួល បានទទូលជំនួយពី​អគ្គនាយិកា ក្រុមហ៊ុនទឹកបរិសុទ្ធ អេរ៉ូទិក​។

លោក នូ ស៊ឹប តារាចម្រៀងជើងចាស់ កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ព្រមទាំង ខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ និងកំពុងសម្រាកនៅក្នុងបន្ទប់ជួល នៅម្ដុំភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយក្មួយ និងចៅ។

ដំណឹងនេះល្បីតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកថា លោក នូ ស៊ឹប តារាចម្រៀងល្បីច្រើនជំនាន់ កំពុងរងទុកវេទនាស្នាក់នៅ ផ្ទះជួលជាច្រើនឆ្នាំ ហើយថែមទាំងទទួល បន្ទុកចិញ្ចឹមក្មួយ និងចៅកំព្រា ដែលគាត់កំពុងតែ មានជំងឺថែមទៀតផង ។ បច្ចុប្បន្ននេះលោក នូ ស៊ឹប កំពុងស្នាក់នៅផ្ទះជួលតូចចង្អៀត ថែមទាំងគ្មានការងារធ្វើ ហើយមានជំងឺក្នុងវ័យជរា ប្រចាំកាយថែមទៀត ។

លោក នូ ស៊ឹប ប្រាប់ថា បច្ចុប្បន្ន លោកកំពុងតែមានជំងឺលើសឈាម និងមានដុះដុំសាច់ ដែលជំងឺនេះ គឺធ្វើទុក្ខខ្លាំង នៅពេលដែលសម្ពាធឈាមឡើង និងតម្រូវឱ្យផឹកថ្នាំ ព្យាបាលទៀងទាត់តាមវេជ្ជបញ្ជា។

លោកបានន្ថែមទៀតថា សម្រាប់ការងារសិល្បៈ របស់លោកវិញ គឺគ្មាននរណាហៅលោកច្រៀង ឡើយ គិតមកដល់ពេលនេះមានរយៈពេល ១ ឆ្នាំហើយ ។ ចំពោះការដោះស្រាយជីវភាព ប្រចាំថ្ងៃ គឺលោករស់នៅ ទៅតាមលទ្ធភាព បានព្រឹកខ្វះល្ងាច។

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ លោក នូ ស៊ឹប កំពុងតែអំពាវនាវដល់សប្បុរសជន ទាំងឡាយ មេត្តាជួយឧបត្ថម្ភលោក ជាថវិកាខ្លះ ដើម្បីសម្រួលក្នុងការព្យាបាលជំងឺ និងជីវភាព រស់នៅប្រចាំថ្ងៃផងដែរ ដោយសារតែលោក មានវ័យចំណាស់ទៅហើយ ដូច្នេះពិបាកក្នុងការស្វែង រកការងារធ្វើណាស់ គឺមានតែសប្បុរសជននេះហើយ ដែលជាអ្នកមានគុណរបស់លោក ៕

ដោយ៖ ពេជ្រ វីរៈ

Facebook Comments