កីឡា

តើ Honda អាចជួយកម្ពុជា សងសឹកម៉ាឡេស៊ីបានទេល្ងាចនេះ?

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលាន ពហុកីឡដ្ឋានជាតិ ហើយក៏ជាជំនួបសងសឹកផងដែរ ក្រោយឆ្លងកាត់ការជួបគ្នាជិត ១០ឆ្នាំចុងក្រោយ ក្រុមគោព្រៃកម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះម៉ាឡេស៊ីម្ដងឡើយ ។

នេះគឺជាបេសកកម្ម លើកដំបូងរបស់លោក Keisuke Honda ក្នុងការដឹកនាំ ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលោកធ្វើការ ប្រមូលផ្ដុំហ្វឹកហាត់ រយៈពេល ១សប្ដាហ៍កន្លងទៅ ។ កីឡាករលំដាប់អន្ដរជាតិរូបនេះ បានបញ្ជាក់ថា ទោះបីការហ្វឹកហាត់មានរយៈពេលខ្លី ប៉ុន្ដែបានដាក់ការជឿជាក់ខ្ពស់ លើកីឡាករកម្ពុជាថា នឹងធ្វើបានល្អ ក្នុងជំនួបមិត្តភាព អន្ដរជាតិល្ងាចនេះ ។ ដូច្នេះចាំមើលតើលោក Honda អាចជួយកម្ពុជា បង្កើតកំណត់ត្រា សងសឹកក្រុមម៉ាឡេស៊ី បានដែរ ឬក៏យ៉ាងណា?

បើក្រឡេកទៅមើលប្រវត្ដិ ធ្លាប់ជួបគ្នាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្រុមគោព្រៃកម្ពុជា មិនធ្លាប់ឈ្នះ ឬស្មើម៉ាឡេស៊ីនោះទេ បើគិតចាប់ពីឆ្នាំ២០០៧ ដោយចាញ់ម៉ាឡេស៊ី ៦-០ ក្នុងជំនួបមិត្ដភាព មុនកម្ពុជា បន្ដចាញ់ម៉ាឡេស៊ី ២-១ ក្នុងជំនួបមិត្ដភាពកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៤ ចាញ់ម៉ាឡេស៊ី ៤-១ ក្នុងជំនួបមិត្តភាព ខណៈប្រកួតចុងក្រោយក្នុងពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ា គឺកម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ។ ផ្នែកលើលទ្ធផលនេះ ម៉ាឡេស៊ីហាក់មានប្រៀបលើកម្ពុជា ប៉ុន្ដែលោក Honda ថាមិនបារម្ភឡើយ ។

លោក Honda បានទទួលស្គាល់ម៉ាឡេស៊ី គឺជាក្រុមខ្លាំងពិតមែន ពិសេសពួកគេទើបបង្កព្យុះភ្លៀងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅឥណ្ឌូនេស៊ី កាលពីពេលថ្មីៗ ។ យ៉ាងណាមិញលោកនៅតែជឿជាក់លើកីឡាករកម្ពុជា ក្រោយលោកព្យាយាមស្វែងយល់ពីកីឡាករកម្ពុជា ក្នុងពេលហ្វឹកហាត់រយៈពេល ១សប្ដាហ៍កន្លងមក ។ លោកជឿថា កីឡាករកម្ពុជានឹងធ្វើឲ្យការប្រកួតល្ងាចនេះមានភាពទាក់ទាញសម្រាប់អ្នកគាំទ្រ ។ តែទន្ទឹមជាមួយគ្នា លោកក៏ស្នើឲ្យអ្នកគាំទ្រ កុំផ្ដោតតែលើលទ្ធផលពេកដែរ ព្រោះវាទើបជាការចាប់ផ្ដើម ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវរំសាយ មុនការប្រមូលផ្ដុំជាថ្មី នៅខែតុលា ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតទៀត គឺជួបទីម័រខាងកើត នៅថ្ងៃទី១២-តុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦-តុលា ដើម្បីត្រៀមការប្រកួតផ្លូវការ នៃពានរង្វាន់ AFF Suzuki Cup 2018 ដែលគ្រោងធ្វើឡើង នាដើមខែវិច្ឆិកាខាងមុខ ៕

ដោយ៖លី សង្ហារ

Facebook Comments

To Top