ព័ត៌មានជាតិ

តួលេខប្រាក់ឈ្នួលកម្មករ និយោជិតឆ្នាំ ២០១៩ មិនទាន់លេចជារូបរាង

ភ្នំពេញ៖ស្របពេលកិច្ចពិភាក្សាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៩ លើកទីពីរ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបញ្ជាក់ថា តួលេខប្រាក់ឈ្នួលឆ្នាំ២០១៩ នៅមិនទាន់លេច ចេញជារូបរាងនៅឡើយទេ ដោយសារស្ថិតក្នុងកិច្ចពិភាក្សា ជាលក្ខណៈត្រីភាគីនៅឡើយ។

លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ បានបញ្ជាក់ ប្រាប់អ្នកសារព័តមានក្រោយចប់កិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ត្រីភាគីថា កិច្ចប្រជុំផ្តោតបន្តលើការប្រើប្រាស់លក្ខណៈវិនិច្ឆ័យចំនួន៧ ចំណុចដដែល គឺតាមបែបសង្គមនិងបែបសេដ្ឋកិច្ច ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សា ព្រមទាំងលើកជាអនុសាសន៍ ដល់គណៈកម្មការប្រឹក្សាការងារ ដើម្បីពិនិត្យសម្រេច។

សម្រាប់កិច្ចចរចា ប្រាក់ឈ្នួលនៅឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅអនុប្រធាន បានលើកឡើងថា បរិយាកាស ក្នុងកិច្ចប្រជុំបានប្រព្រឹត្តទៅដោយភាពល្អប្រសើរ។

ដោយឡែកទាក់ទងចំនួនរោងចក្របិទទ្វារនិងបើកថ្មី ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨នេះ លោក ហេង សួរ បានឲ្យដឹងថា មានការបើកថ្មី ហើយក៏មានបិទដែរ ប៉ុន្តែជារួម ជារឿងធម្មតាក្នុងឆ្នាំ ហើយឃើញថា មិនមានផលប៉ះពាល់អវិជ្ជមាន ទៅលើវិស័យការងារទេ ដោយសារតែរោងចក្រ ដែលបិទពេលខ្លះក៏បើកថ្មី ចំណែករោងចក្រ ដែលអត់បិទ ក៏បានពង្រីកសង្វាក់ផលិតកម្មរបស់ ខ្លួនបន្ថែមទៀត ដូច្នេះតំរូវការកម្មករនិយោជិត នៅតែមានខ្ពស់ដដែល ក្នុងវិស័យកាត់ដេរ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បរបរមាផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានកើនឡើង ពីចំនួន៤០ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតមកដល់ចំនួន ១៧០ដុល្លារ នៅឆ្នាំ២០១៨នេះ ហើយអាចនឹងកាន់តែមានភាពល្អ ប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩ខាងមុខ៕

Facebook Comments

To Top