ព័ត៌មានជាតិ

តារាចម្រៀង Charlie Puth នឹងបង្ហាញមុខក្នុង ព្រឹត្តការណ៍ ​ប្រគំតន្ត្រី Mega Concert របស់ក្រុមហ៊ុន ស្មាត អាស្យាតា

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី​ របស់​អាមេរិក លោក Charlie Puth នឹងបង្ហាញមុខ ក្នុងព្រឹត្តការណ៍ ប្រគំតន្ត្រីអន្តរជាតិ Mega Concert របស់ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (“ស្មាត”) នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ នារាត្រី​ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨​ ហើយ តារារូបនេះនឹងអង្រួនឆាកនារាត្រីនោះជាមួយទៅនឹងបទច្រៀងដ៏ល្បីៗ និងកម្មវិធី​កម្សាន្ត ដ៏អស្ចារ្យ​នានា​ ​សម្រាប់អតិថិជន Smart ជាពិសេស។

លោក Charlie Puth ដែលមានអាយុ ២៦ឆ្នាំ បានចាប់ផ្ដើម​មានឈ្មោះបោះសំឡេងខ្លាំង តាមរយៈបទចម្រៀង ដែល​មាន​ចំណង​ជើងថា “See You Again” ក្នុងឆ្នាំ២០១៥ ដែល​បទចម្រៀងនោះត្រូវ​បានបញ្ចូល ក្នុងខ្សែរភាពយន្តរឿង “Fast and Furious ​​7”​ បទ​ចម្រៀង​ល្បីៗ បន្តបន្តាប់ក្រោយមក ដូចជា  “We Don’t Talk Anymore” “One Call Away”  និង​ “Attention” បានធ្វើឲ្យ​កិត្តិនាម​របស់លោកកាន់តែរឹងមាំ ក្នុង​ចំណោម​កំពូល​តារាចម្រៀង ប៉ុបបុរសរបស់​​សហរដ្ឋអាមេរិក។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា​ “ក្រុមហ៊ុន Smart មានក្ដីរំភើបរីករាយ​ យ៉ាងខ្លាំងបំផុត ដែលអាចអញ្ជើញតារាដ៏ល្បីល្បាញ​នានា មកសម្ដែង​ក្នុងប្រទេសកម្ពុជា​ អតិថិជនក្នុងស្រុករបស់យើង ​ដែល​មានក្ដីស្រលាញ់ លើវិស័យ សិល្បៈតន្រ្ដី ទាំង​ចម្រៀង​ជាតិ និងអន្តរជាតិ ហើយយើងមាន​សេចក្តី​រីករាយណាស់ ដែលលោក Charlie បានយល់ព្រមចូលរួម​ច្រៀងចម្រៀងល្បីៗរបស់គាត់ក្នុងការ​ប្រគំតន្ត្រី លើក​ នេះ​ ដែលការ​ប្រគំតន្ត្រីនេះ​ជាផ្នែកមួយនៃការ​ប្រគំតន្ត្រី Smart Mega Concert ដែល​មានរៀបចំជាហូរហែរ និង​ទទួលបានជោគជ័យ​យ៉ាង​ខ្លាំង យើង​ខ្ញុំ​សូមថ្លែងអំណរគុណ ដល់អ្នកទាំងអស់គ្នា ដែលបានគាំទ្រក្រុមហ៊ុន Smart ក្នុងឆ្នាំ២០១៨ នេះ​ ហើយយើងសង្ឃឹមថា អ្នកទាំងអស់គ្នានិឹងរីករាយជាមួយការប្រគំ​តន្ត្រីដ៏អស្ចារ្យនេះ”។​

លោក Charlie Puth បានចាប់ផ្តើមអាជីពរបស់ខ្លួន​ក្នុង​វិស័យសិល្បៈតន្ត្រី ក្នុងនាម​ជាអ្នកបង្កើត​វីដេអូប្លុក ឬ (vlogger) នៅលើគេហទំព័រ YouTube ដោយច្រៀង​បទចម្រៀងតាម​ម្ចាស់ដើម​ មុនពេលមានឈ្មោះបោះ​សំឡេង​​តាមរយៈបទ​ចម្រៀង​របស់ខ្លួនឯងផ្ទាល់​​។

លោក ថូម៉ាស បាន​បន្ថែមទៀតថា “លោក Charlie គឺជា ​គំរូ​មួយរូប​ដោយបានបង្ហាញ​ឲ្យ​ឃើញថា គាត់មានសេចក្តី​​ឧស្សាហ៍ព្យាយាមក្នុងការការប្រើប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​​ចែក​រំលែក​ក្ដីស្រលាញ់ចំពោះតន្រ្តី និងអាច​ក្លាយខ្លួនជាតារាបាន លោកគឺជាជនគំរូ​សម្រាប់​ជំរុញ​ទឹកចិត្តដល់សិល្បករទូទាំងពិភពលោក។​ ជាក់ស្តែងបទចម្រៀង​ដូចជា “We Don’t Talk Anymore” និង “Attention” បានក្លាយជាបទដ៏ល្បីល្បាញរួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ​  យើង​សង្ឃឹមថា តារា​ចម្រៀងវ័យក្មេងមួយចំនួន ក្នុងប្រទេសកម្ពុជា អាចនឹងដើរតាមគន្លង ដ៏ជោគជ័យរបស់គាត់បាន”។

ការ​សម្ដែង​ក្នុងការ​ប្រគំ​តន្រ្តីអន្តរជាតិ Smart International Mega Concert កន្លងមក រួមមានតារា ចម្រៀង កញ្ញា CL និងលោក Rain របស់​ប្រទេសកូរ៉េខាងត្បូង និង កញ្ញា Demi Lovato មកពីសហរដ្ឋអាមេរិក និង កញ្ញាJessie J របស់ចក្រភពអង់គ្លេស​ ការប្រគំតន្ត្រីក្នុង​ឆ្នាំនេះ ក៏នឹងមានវត្តមាន​សិល្បករខ្មែរ ដ៏មានឈ្មោះបោះសម្លេង ខាងនិពន្ធបទថ្មីចូលរួម​ផងដែរ មុនពេលការឡើង​សម្ដែងរបស់លោក Charlie Puth៕

ដោយ​ ឈូក​បូរ៉ា

 

Facebook Comments

To Top