ព័ត៌មានជាតិ

ក្រៅពីសម្ដែងមរណទុក្ខរាជរដ្ឋាភិបាល ប្ដេជ្ញាបន្ដជួយ កុមារកម្ពុជា ឲ្យស្របតាមបំណងរបស់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ ក្រៅសម្ដែងមរណទុក្ខ និងចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់លោក សាស្រ្តាចារ្យ វេជ្ជបណ្ឌិត បីច រីចច្នឺ (Beat Richher) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា  នៅប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដបំណងប្រាថ្នារបស់លោក បីច រីចច្នឺ ក្នុងការជួយកុមារកម្ពុជា នៅក្នុងបណ្ដាឆ្នាំខាងមុខទៀត។

សូមរំលឹកថា លោក បីច រីចច្នឺ (Beat Richher)បានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង ២និង៤៥នាទីព្រឹក នៅប្រទេសស្វីស។

យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើជូនលោក Alain Berset ប្រធានាធិបតី សហព័ន្ធស្វីស កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា មរណភាពរបស់លោកវេជ្ជបណ្ឌិត ជាការបាត់បង់ជនដ៏មហិមាមួយរូប ដែលប្ដូរផ្ដាច់ មិនគិតពីខ្លួនឯង ក្នុងការជួយសង្គ្រោះកុមារ និងស្ដ្រីកម្ពុជារាប់លាននាក់ ចាប់ពីតាំងពីឆ្នាំ១៩៩២។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ក៏ជាបុគ្គលមួយរូបដែល រាជរដ្ឋាភិបាលកម្ពុជា តែងតែចងចាំថាបានរួមចំណែក ដ៏ធំធេង ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធសុខាភិបាលសារធារណៈ របស់ប្រទេសកម្ពុជា។ លើសពីនេះ មេត្តាធម៌និងបេះដូង ប្រកបដោយក្ដីស្រលាញ់ របស់វេជ្ជបណ្ឌិត ចំពោះប្រទេសកម្ពុជា នឹងត្រូវបាន ចង់ចាំជារៀងរហូត។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្ដែងនូវសមាន ទុក្ខយ៉ាងស្មោះស្ម័គ្របំផុតតាមរយៈ លោក Alain Berset ប្រធានាធិបតីសហព័ន្ធស្វីសជូន គ្រួសារសព ដែលបាន បាត់បង់សមាជិកជាទី ស្រលាញ់របស់ខ្លួន។

សារលិខិតបញ្ជាក់ថា“ស្មារតីនិង សមិទ្ធផលដ៏ថ្លៃថ្លារបស់ សពលោកវេជ្ជបណ្ឌិតនឹងស្ថិត ក្នុងបេះដូងយើងខ្ញុំ។ យើងខ្ញុំនឹងបន្ដបំណងប្រាថ្នា របស់គាត់ក្នុងការ ជួយកុមារ កម្ពុជានៅក្នុងបណ្ដាឆ្នាំខាងមុខទៀត។យើងខ្ញុំសូងបួងសួងឲ្យព្រលឹងរបស់ លោកវេជ្ជបណ្ឌិតបានទៅ កាន់សុគតិភព”៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top