ព័ត៌មានជាតិ

ក្រុមហ៊ុន HUAWAI មានបំណង បន្តវិនិយោគលើ វិស័យបច្ចេកវិទ្យា នៅក្នុងកម្ពុជារយៈពេលវែង

ភ្នំពេញ៖ក្រុមហ៊ុន HUAWAI មានបំណងបន្តវិនិយោគ លើវិស័យបច្ចេកវិទ្យា នៅក្នុងកម្ពុជារយៈពេលវែង គឺរួមទាំងការរៀបចំ ខ្សែកាបអប់ទិក ក្រោមបាតសមុទ្រ ជាដើមខណៈក្រុមហ៊ុននេះ មានវត្តមានក្នុងប្រទេសកម្ពុជា អស់រយៈពេល១៩ឆ្នាំមកហើយនិង បានបណ្តុះបណ្តាល និងផ្តល់ការងារដល់បុគ្គលិកខ្មែរ ក្នុងស្រុកជាមួយពាន់នាក់ដែលមានប្រាក់ខែ ចាប់ពី១ពាន់ដុល្លារឡើងទៅ។ នេះយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ។

លោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ លីយ័ន ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេស ចិន។

លោក វូ វ៉េតៅ (Wu weitao) បានមានប្រសាសន៍ ជំរាបជូនសម្តេចតេជោ អំពី ការសិក្សាគម្រោងមេ នៃប្រព័ន្ធព័ត៌មានវិទ្យានិងបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាដែលគ្រោនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ជាពិសេសពាក់ព័ន្ធ នឹងសុវត្ថិភាពសន្តិសុខអ៊ីនធើណែត (Internet security) ។ លោកបញ្ជាក់ថា បច្ចេកវិទ្យាគឺជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តលប្រាក់ខែខ្ពស់ដល់បុគ្គលិក ដែលសុំអោយរាជរដ្ឋាភិបាលគាំទ្រ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា ព្រមទាំងបានជួយ បណ្តុះបណ្ទាលធនធាន មនុស្សអំពីជំនាញបច្ចេវិទ្យាដែលកំពុង ជួយដល់ប្រទេសជាតិ។

សម្តេចតេជោ គាំទ្រអំពីការវិនិយោគលើផ្នែកបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងនេះ គឺត្រូវមានវិធានការគ្រប់គ្រងអោយបានល្អជាពិសេសការបង្ហោះព័ត៌មានមិនពិតដែលបានប៉ះពាល់ដល់ប្រទេសជាតិយ៉ាងធ្ងនធ្ងរហើយក៏ជាការព្រួយបារម្ភរបស់ពិភពលោកផងដែរ។

ដោយមើលឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោក្នុងការ ជួយប្រជាពលរដ្ឋដែលកំពុងជួបការ លំបាកអំពីគ្រោះទឹកជំនន់ ក្រុមហ៊ុនបានធ្វើអំណោយ ទឹកប្រាក់ ១០ម៉ឺនដុល្លារជូន សម្តេចដើម្បីសកម្មភាព មនុស្សធម៌៕

Facebook Comments

To Top