X

ក្រុមហ៊ុនចិន មានបំណងនាំ យកផលិតផលកសិកម្មពីកម្ពុជាទៅចែកចាយនៅទីក្រុងណាននីង បន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគផលិតស្រូវ កួហុងរបស់ប្រទេសចិន បានបង្ហាញពីបំណងនាំចូល បន្ថែមទៀតនូវផលិតផល កសិកម្មពីកម្ពុជា ដូចជាគ្រាប់ស្វាយចន្ទីស្ងួត និងតំណាប់ស្វាយក្រៀម មកកាន់ទីផ្សារនៅ ក្រុងណាននីង ខេត្តក្វាងស៊ី ។ នេះយោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួប ពិភាក្សាការងារជាមួយ លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍ កួហុង(Guangxi Guhong Development Corporation) ដែលកំពុងវិនិយោគលើម៉ាស៊ីនកិនស្រូវ នៅកម្ពុជាដែលអង្ករ ក្រុមហ៊ុនលោកមានផ្លាកសញ្ញា សៀមរាប។

ក្រុមហ៊ុនរបស់លោកលី បានបណ្តាក់ទុនវិនិយោគលើ វិស័យកសិកម្មក្នុងប្រទេសកម្ពុជាមាន រយៈពេល៦ឆ្នាំមកហើយ ដែលបានចំណាយទឹកប្រាក់ ប្រមាណ៨ លានដុល្លារ ។ កាលពីពេលកន្លងមកក្រុមហ៊ុន បានធ្វើការនាំចូលអង្គរប្រមាណ ៥ម៉ឺនតោនពីកម្ពុជា មកចែកចាយ នៅទីក្រុងណាននីង។ លោកពេញចិត្តចំពោះ កាវិនិយោគលើវិស័យ កសិកម្មនៅកម្ពុជា។ លោកបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាពិនិត្យ ក្នុងការផ្តល់កូតាអោយក្រុមហ៊ុន នាំអង្ករពីកម្ពុជាមកកាន់ប្រទេសចិនអោយបានច្រើន ថែមទៀត ដែលបច្ចុប្បន្នគឺត្រូវ បានអនុញ្ញាត្តិអោយនាំចូលប្រមាណ ៣០ម៉ឺនតោន។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំរោងវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្ម អភិវឌ្ឍន៍កួហុង ដែលបានធ្វើការវិនិយោគក្នុងប្រទេស កម្ពុជា។ សម្តេចតេជោគាំទ្រក្នុងការនាំ យកនូវផលិតផលកសិកម្មកម្ពុជាអោយបាន ច្រើនមកកាន់ទីផ្សារប្រទេសចិន ជាពិសេសនៅទីក្រុង ណាននីង។ ចំពោះកូតានៃការនាំចេញស្រូវ អង្ករពីកម្ពុជា សម្តេចបានបញ្ជាអោយ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យលើកិច្ចការនេះអោយបានហ្មត់ចត់បំផុតឡើងវិញព្រោះមានក្រុមហ៊ុនខ្លះ មិនមានរោងម៉ាស៊ីនកិនស្រូវទេ តែសុំកូតានាំអង្ករចេញដើម្បីទុកលក់អោយ ទៅក្រុមហ៊ុនផ្សេងៗដែលប៉ះពាល់ យ៉ាងខ្លាំងដល់ក្រុមហ៊ុនដែលគេកំពុងធ្វើនិង វិនិយោគពិតប្រាកដ៕

Facebook Comments