ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន រួមគ្នាលើកកម្ពស់ ថែទាំសុខភាព នៅកម្ពុជា

ភ្នំពេញ៖អង្គភាពធានារ៉ាប់រង សុខភាព របស់ប្រទេសហ្វីលីពីន បានចាប់ដៃគូជាមួយ បេឡាជាតិរបបសន្ដិសុខសង្គម ដើម្បីជួយលើកកម្ពស់ ការថែទាំសុខភាព ប្រជាពលរដ្ឋ តាមការបណ្ដុះបណ្ដាល សមត្ថភាពមន្រ្តីនិងជំនាញ បន្ថែមទៀត។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងបេឡាជាតិរបបសន្ដិសុខសង្គម និងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ុក សមវិទ្យា អគ្គនាយកបេឡាជាតិ របបសន្ដិសុខសង្គម នៃក្រសួងការងារ បានមានប្រសាសន៍ថា ហ្វីលីពីននឹងជួយពង្រឹងសមត្ថភាព និងជំនាញដល់មន្ដ្រីកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងប្រតិបត្ដិការផ្ដល់សេវាថែទាំសុខភាព រួមទាំងបទពិសោធន៍ ក្នុងការកសាងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យតាមដានការផ្ដល់សេវា នៃមូលដ្ឋានសុខាភិបាល ការវាយតម្លៃលើការចំណាយសម្រាប់ការព្យាបាលជាដើម។

លោកបន្ដថា ការជួយពង្រឹងសមត្ថភាព និងជំនាញរបស់មន្ដ្រីកម្ពុជានេះ ដើម្បីឲ្យការអនុវត្ដរបបសន្ដិសុខសង្គម មានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស ទាំងលក្ខណៈតំបន់និងអន្ដរជាតិ ។ ម្យ៉ាងវិញ Philhealth គឺជាអង្គភាពធានារ៉ាប់រងសុខភាពមួយ ដែលបានដំណើរការការងារថែទាំសុខភាព ជាយូមកហើយ និងមានវិសាលភាព គ្របដណ្ដប់លើប្រជាជនហ្វីលីពីនទាំងមូល។

លោក DR.ROBERT សមាជិកក្រុមប្រឹក្សាភិបាល នៃអង្គភាពធានារ៉ាប់រងសុខភាព ហ្វីលីពីន បានលើកឡើង នឹងខិតខំប្រឹងប្រែងចែករំលែក បទពិសោធន៍ឲ្យគ្នា ទៅវិញទៅមក ឲ្យអស់ពីលទ្ធភាព ក្នុងការជួយផ្ដល់សេវារបបសន្ដិសុខសង្គមនេះ រវាងប្រទេសទាំងពីរកាន់តែរីកចំរើន និងមាននិរន្ដរភាព ព្រមទាំងវិស័យ សេដ្ឋកិច្ចផងដែរ។ ជាពិសេស ការចុះ MOU រវាង បេឡាជាតិរបបសន្ដិសុខសង្គម និងហ្វីលីពីន នេះ ពិតជាមានសារៈសំខាន់រវាងប្រទេសទាំងពីរ ដើម្បីពង្រឹងការ ផ្ដល់សេវា សុខភាពកាន់តែមានប្រសិទ្ធភាព និងមានគុណភាពបន្ថែមទៀត៕

To Top