ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កំណែទម្រង់កងទ័ព ផ្អែកលើស្មារតីតែមួយគត គឺជាតិនិយម

កណ្តាល៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអះអាងថា កំណែទម្រង់កងទ័ព ផ្អែកលើស្មារតីតែមួយគតគឺជាតិនិយម ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះបានធ្វើឡើងក្នុងពិធីខួបអនុស្សាវរីយ៍ គម្រប់ឆ្នាំទី១០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត “កំណែទម្រង់ផ្អែកលើស្មារតីតែមួយគត គឺជាតិនិយម។ បើកងទ័ពមិនមែនដើម្បីជាតិ ដើម្បីប្រជាជន គឺដើម្បីអី្វ? ហើយកងទ័ពខ្មែរបើមិនដើម្បីជាតិខ្មែរដើម្បីប្រជាជនខ្មែរ គឺដើម្បីអី្វ? នេះគឺជាកំណែទម្រង់ និងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលត្រូវធ្វើឲ្យកងទ័ពយើងខ្លាំងនិងមានប្រសិទ្ធិភាព។ នេះគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់”។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា “កងទ័ពជាមួយនិងកិត្យានុភាពរបស់ប្រទេស គឺដើរទន្ទឹមគ្នា។ កងទ័ពនាសម័យមហានគរខ្លាំងធ្វើឲ្យយើងខ្លាំង បន្ទាប់មកខ្មែរបែកបាក់គ្នាធ្វើអោយយើងចុះខ្សោយ ហើយនៅឆ្នាំ ១៩៩៨ យើងខិតខំកសាងនិងរូបរួមគ្នា គឺយើងធ្វើឲ្យទ័ពយើងខ្លាំង ហើយស្នាដៃរបស់នាយទាហានជំនាន់មុន គឺបានកសាងកងទ័ពរបស់យើងបានមកដល់ប៉ុណ្ណេះគឺធំធេងណាស់ សម្រាប់ជាតិមាតុភូមិរបស់យើង។ ហើយយើងបន្តទៅមុខទៀតពង្រឹងនិងរក្សាបន្ថែមកងទ័ពរបស់យើងដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។ នេះគឺជាស្មារតីកំណែទម្រង់កងទ័ព”។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា “ប្រទេសជាតិមួយខ្លាំងគឺខ្លាំង ដោយសារកងទ័ព កងទ័ពសម័យនេះ គឺមិនខុសពីកងទ័ពសម័យមុន គឺខុសតែអាយុខុសតែសមីការប៉ុណ្ណោះប៉ុន្តែភារកិច្ច និងកាតព្វកិច្ចរបស់យើងមិនខុសគ្នាទេ។ តួនាទីភារកិច្ចនិងកាតព្វកិច្ចរបស់កងទ័ពគឺស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនមាតុភូមិ និងប្រជាជន។ ទោះបីប្រទេសកម្ពុជា គឺជាប្រទេសតូចកងទ័ពយើងមិនទាន់មានសព្វាវុធទំនើប ដូចប្រទេសមហាអំណាច ឬបណ្ដាប្រទេសអភិវឌ្ឍន៍រួចក៏ដោយ ប៉ុន្តែកម្ពុជាមានកងទ័ពដ៏ស្មោះត្រង់ មានស្មារតីនិងឆន្ទៈស្នេហាជាតិ។ កងទ័ពកម្ពុជាយើងបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ទាំងការខិតខំស្វែងរកសុខសន្តិភាព ការកសាង ស្ថេរភាពជាតិ ឯកភាពជាតិនិងរហូតឈានដល់ដំណាក់កាល អភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺពិតណាស់មិនអាចខ្វះវត្តមានកងទ័ពបានឡើយដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់របស់មាតុភូមិនិងប្រជាជន”។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា “ការការពារជាតិ មិនមែនជាភារកិច្ចរបស់មនុស្សជំនាន់ណាមួយនោះទេ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នាគ្រប់ជំនាន់។ ដូច្នេះ ភារកិច្ចពីមួយជំនាន់ទៅមួយជំនាន់ យើងត្រូវរួមគ្នា បីដូចជាយើងជិះទូកគឺត្រូវទៅមុខជានិច្ចហើយលឿនជាងមុន។ យើងត្រូវការនាយទាហានជំនាន់មុនជួយប្រាប់ ជួយតម្រង់ទិសដើម្បីដើរតាមទិសដៅនៃកំណែទម្រង់ ក្នុងការពង្រឹងកងទ័ព ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ដើម្បីសម្រេចបានជោគជ័យ យើងត្រូវការចូលរួម ព្រោះការចូលរួមនេះ គឺសំខាន់ណាស់មនុស្សគ្រប់ជំនាន់ ធ្វើយ៉ាងណាដើម្បីឲ្យកងទ័ពរបស់យើងកាន់តែខ្លាំង។ កងទ័ពបច្ចុប្បន្នត្រូវខិតខំយកគំរូវីរភាពកងទ័ពជំនាន់មុន រក្សាទុកនូវអ្វីដែលល្អៗ អ្វីដែលយើងមិនទាន់បានត្រូវខិតខំធ្វើកំណែទម្រង់តាមបទដ្ឋានគតិយុត្តិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាអនុវត្ត រួមគ្នាទទួលខុសត្រូវចំពោះជាតិរបស់យើងទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត”។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្ថែមទៀតថា “សម្រាប់ខ្ញុំការទទួលភារកិច្ច មិនមែនជាការបំពាក់ឋានន្តរសក្កិ ឬមានសិទ្ធិនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវនៅក្នុងការអនុវត្តបទបញ្ជា និងសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាតិ របស់ក្រសួងការពារជាតិ។ ហើយខ្ញុំយល់ថាកងទ័ពគ្រប់ជំនាន់មានសុទិដ្ឋិនិយមផ្អែកលើស្មារតីជាតិនិយម ទ័ពខ្មែរគឺដើម្បីខ្មែរ។ យើងមានកាប្តេជ្ញាចិត្ត និងគោលការណ៍បែបនេះគ្មាននរណាធ្វើខ្មែរយើងបែកនោះទេ”៕ ដោយ៖ស៊ាន កុសល

Facebook Comments

To Top