នយោបាយ

អ្នកនាំពាក្យកាន់អំណាច ស្នើឲ្យខ្មែរ ឈប់លាបពណ៌ វាយប្រហារគ្នា

ភ្នំពេញ៖លោក សុខ ឥសាន អ្នកនាំពាកក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់ អំណាចបានស្នើឲ្យ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឈប់លាបពណ៌ វាយប្រហារ និងរើសអើងគ្នា។

ការស្នើរបស់លោកនេះ ក្រោយពីរដ្ឋសភា បានផ្តល់សេចក្តីទុកចិត្តសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី ថ្មីសម្រាប់អាណត្តិទី៦នេះ។ នេះជាលើកដំបូងហើយដែលលោក បានស្នើឲ្យពលរដ្ឋខ្មែរ ដែលមាននិន្នការ នយោបាយខុសគ្នាឈប់វាយប្រហារគ្នា។

លោកបានលើកឡើងតាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ថា “ការឯកភាពជាតិខ្មែរ និងសុខដុមនីយកម្មខ្មែរទាំងមូល គួរតែខ្មែរនៅគ្រប់មជ្ឈដ្ឋានឈប់លាបពណ៌គ្នា ឈប់វាយប្រហារគ្នា និងឈប់រើសអើងគ្នា”។

លោកបន្តថា សម្រាប់ខ្មែរនៅក្នុងស្រុក ដោយសារមានខ្មែរនៅក្នុងស្រុកទើប បរទេសដកថយចេញពីកម្ពុជាទើបខ្មែររក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ជាពូជសាសន៍ខ្មែររហូតដល់សព្វថ្ងៃ និងទៅអនាគត ។ រក្សាបានបូរណភាពទឹកដី ១៨១ ០៣៥ គីឡូម៉ែត្រ មានការបោះបង្គោលព្រំដែន ថែមរាប់រយដើម ធ្វើឲ្យព្រំដែនកាន់តែរឹងមាំ ។ ធ្វើឲ្យកម្ពុជាមានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពគង់វង្សរហូតមកដល់សព្វថ្ងៃ និងទៅអនាគត ។

លោកថា “ដូច្នេះសូមលុបបំបាត់ឲ្យអស់នូវការជេរត្មេះតេះដៀលខ្មែរនៅក្នុងស្រុកថា ជា អាពួកខ្ញុំយួន អាយ៉ងយួន សុទ្ធតែយួន ក្បាលយួនខ្លួនខ្មែរ ឲ្យបានជ្រះស្រឡះ ។ ត្រូវផ្តល់តម្លៃថា មានខ្មែរនៅក្នុងស្រុកនេះហើយទើបបានជា ខ្មែរអាចនៅគង់វង្សនិងរីកចម្រើនបានដូចសព្វថ្ងៃនេះ” ។

សម្រាប់ខ្មែរនៅក្រៅស្រុកវិញលោក សុខ ឥសាន លើកឡើងថា ការបានទៅនៅក្រៅស្រុក គឺជាកាលៈទេសៈបង្ខំ មិនមែនមានចេតនាចង់ទៅនៅស្រុកគេទេ គេចពីសេចក្តីស្លាប់ ។ ការនិយាយលើសលួសបន្តិចបន្តួច គឺចាត់ទុកជាការអចេតនាដោយក្តាប់សភាពការណ៍មិនបាន និងអាស្រ័យដោយនិន្នាកា នយោបាយជឿលើការឃោសនាអកុសល ។ បានរួមចំណែកចូលរួមកសាងប្រទេសជាតិ និងជីវភាពក្រុមគ្រួសារមួយចំនួនដែរ ។ ចេះឈឺឆ្អាលពីស្រុកទេសដើមកំណើតខ្លួន ដោយនៅតែមានមនោសញ្ចេតនាអាណិតស្រុកទេសចង់ឲ្យស្រុកទេសរីកចម្រើន ។

អ្នកនាំពាក្យបន្តថា “ហេតុនេះ គួរកុំលាបពណ៌ថា ជាខ្មែរខ្ញុំបរទេស អាយ៉ងបរទេស ជាក្រុមប្រឆាំងទាំងអស់នោះ មិនដូចការនិយាយនោះទេ គប្បីចាត់ទុកជាខ្មែររួមឈាមតែខ្មែរតែមួយ ត្រូវចេះរួមសហការគ្នា ដើម្បីអនាគតភ្លឺស្វាង ហើយគួរឈប់ធ្វើបាតុកម្ម ជេរប្រមាថគ្នា រិះគន់គ្នានិងគួរឈប់ដើរ តាមអតីតមេបក្សប្រឆាំង ទៅអត់បានការស្អីទេទុកឲ្យប្រជាជននៅក្នុងប្រទេស ជាអ្នកសម្រេចជោគវាសនា ប្រទេសជាតិដោយការទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ចំពោះមុខប្រជាជនកម្ពុជាទាំងមូលកុំចង្អៀតចង្អល់អីឲ្យសោះ” ៕

Facebook Comments

To Top