ព័ត៌មានជាតិ

សម្ដេចតេជោនឹងចូលរួមតាំង ពិព័រណ៍ ចិន-អាស៊ានលើកទី១៥ ថ្ងៃស្អែកក្រោយជាប់ ជានាយករដ្ឋមន្ដ្រី ថ្មីជាផ្លូវការ

ភ្នំពេញ ៖ ក្រោយពីរដ្ឋសភាពបាន ផ្តល់សេចក្តីទុកចិត្ត សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីថ្មីនៅអាណត្តិទី៦ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ ចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ចាប់ពីនៅថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីចូលរួមតាំងពិព័រណ៍ ចិន-អាស៊ានលើកទី១៥រួច សម្ដេចតេជោ នឹងចូលរួមកិច្ចប្រជុំ នៅអង្គការសហប្រជាជាតិ (UN) ,សហគមន៍អឺរ៉ុប(EU) ,សហរដ្ឋអាមេរិក និងកិច្ចប្រជុំមួយចំនួនទៀត ដូច្នេះតាមរយៈកិច្ចប្រជុំនេះ សម្តេចនឹងបង្ហាញមុខមាត់ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីបង្ហាញអភិវឌ្ឍន៍ នៅកម្ពុជា នាអាណត្តិថ្មី ក្រោមការដឹកនាំ របស់សម្តេច។

ប៉ុន្តែក្រុមអតីតគណបក្សសង្រ្គោះជាតិ នៅអាមេរិក បានកំណត់យកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ដើម្បីធ្វើបាតុកម្មប្រឆាំងវត្តមាន របស់សម្ដេចតេជោ ដែលនឹងទៅចូលរួម កិច្ចប្រជុំនៅ UN , EU និងអាមេរិក ខណៈអាមេរិកដាក់ទណ្ឌកម្មលើទិដ្ឋាការ ទៅដល់មន្ដ្រីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាល មួយចំនួនមិនចូលទឹកអាមេរិក។

សម្រាប់ការប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំង វត្តមានសម្តេចនេះ មុនការប្រកាសសមាសភាពជារាជរដ្ឋាភិបាលថ្មី សម្តេចតេជោ បានថ្លែងការស្វាគមន៍ជានិច្ច ចំពោះបាតុកម្មនានាប្រឆាំងសម្តេច ព្រោះសម្តេចអះអាងថា អ្នកធ្វើបាតុកម្មប្រឆាំងមានចំនួន តិចជាងអ្នកទៅត្រៀមស្វាគមន៍ ទទួលវត្តមានសម្តេច។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឌឺដងទៅក្រុមអតីត គណបក្សសង្គ្រោះជាតិ នៅអាមេរិកថា “ខ្ញុំនឹងទៅអង្គការ សហប្រជាជាតិឲ្យអ្នកឯងមើល ហើយត្រៀមទៅបាតុកម្មអីហ្នឹង ត្រៀមទៅ”។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា “សម្តេចតេជោនឹងត្រូវអមដំណើរ ដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ,លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងឥស្សរជនរាជរដ្ឋាភិបាល ដទៃទៀត និងធុរជនពីសភា ពាណិជ្ជកម្មកម្ពុជា”។

លិខិតបន្ដថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រារព្ធឡើងក្រោមមូលបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រស តវត្សទី២១ និងនវានុវត្តសហគមន៍ចិ ន-អាស៊ាន” នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗ គ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ របស់វិស័យ ឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។

ប្រភពដដែលបញ្ជាក់ថា សម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាននិងចិន រួមទាំងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែល មានសក្តានុពលមកកាន់តំបន់អាស៊ាន។

ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយស ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោ និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។

អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោ នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានចិនផងដែរ។

គួរកត់សម្គាល់ផងដែរថា ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែ ស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ ២០២០៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top