ព័ត៌មានជាតិ

វេជ្ជបណ្ឌិតឯកទេស ​ច្រមុះ បំពង់ក និងត្រចៀក មកពីប្រទេសវៀតណាម ចែករំលែកបទពិសោធន៍ថ្មីៗ​ ដល់វេជ្ជបណ្ឌិតកម្ពុជា

ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិតឯកទេស ខាងចម្រុះ បំពង់ក និងត្រចៀក មកពីមន្ទីរពេទ្យជោរ៉ៃ វៀតណាម បានមកផ្តល់បទពិសោធន៍ និងចំណេះដឹងល្អ នៅក្នុងសិក្ខាសាលា ស្ដីពីការពង្រឹងសមត្ថភាពការ វះកាត់ច្រមុះ ដោយម៉ាស៊ីនឆ្លុះ អង់ដូស្កុបពីក ដែលធ្វើឡើង នៅមន្ទីរពេទ្យជោរ៉ៃភ្នំពេញ ដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជា ។

សិក្ខាសាលានេះក៏មានការចូលរួម ពីបណ្ដាមន្ទីរពេទ្យមួយចំនួនផងដែរ ដែលក្នុងនោះមានមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ និងក្រុមវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យផ្សេងៗទៀត របស់កម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មី ទាក់ទងនឹងការព្យាបាល ច្រមុះ បំពង់ក និងត្រចៀក ដោយប្រើប្រាស់ម៉ាស៊ីនអង់ដូស្កុបវះឆ្លុះចូលតាមច្រមុះ មានបច្ចេកវិទ្យាទំនើប មកពីប្រទេសអាល្លឺម៉ង់ ។

លោកវេជ្ជបណ្ឌិត ទ្រឹង មិងទ្រឹង អនុប្រធានមន្ទីរពេទ្យជោរ៉ៃ វៀតណាម និងជាប្រធានសមាគមជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ទីក្រុងហូជីមិញ បានលើកឡើងថា សិក្ខាសាលានេះ គឺជាការចែករំលែកបទពិសោធន៍ ពីរបៀបវះកាត់ វិធីព្យាបាល ដោយផ្តោតសំខាន់ លើជំងឺក្នុងច្រមុះ ។

លោកបន្តថា តាមបទពិសោធន៍កន្លងមក ការវះកាត់ច្រមុះបែបបុរាណ ជួនកាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកជំងឺ ដែលអ្នកជំងឺអាចធ្លាយឆ្អឹងលលាដ៍ក្បាល និងមួយទៀត ក្រោយវះកាត់ហើយ អាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែក​ ។​

លោកបានអះអាងថា ការវះកាត់បែបថ្មីនេះ នឹងធ្វើឲ្យអ្នកជំងឺកាត់បន្ថយ ការចំណាយច្រើន ទាំងហានិភ័យ និងពេលវេលាសម្រាកព្យាបាល ។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ត្រាន់ ថាន់ទុង អគ្គនាយកមន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ បានឲ្យដឹងថា “ចាប់តាំងពីបំពាក់ម៉ាស៊ីន ដែលមានបច្ចេកវិទ្យាទំនើប កាលពីខែកក្កដា រហូតមកដល់ពេលនេះ ប្រសិទ្ធភាពនៃការ ព្យាបាលផ្នែកចម្រុះនេះ មានលទ្ធផលល្អច្រើន ហើយទទួលបានការគាំទ្រ ពីអ្នកជំងឺកាន់តែកើនឡើងជាលំដាប់ ជាពិសេសធានាបាននូវសុវត្ថិភាពខ្ពស់ ដែលផ្តល់ទំនុកចិត្តដល់អ្នកជំងឺ” ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២ខែកន្លងមកនេះ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានទទួលការវះកាត់អ្នកជំងឺច្រមុះ ប្រមាណ ៥០នាក់ហើយ ហើយប្រសិនបើ មានការគាំទ្រកាន់តែច្រើនថែមទៀតនោះ មន្ទីរពេទ្យគ្រោងនឹងដាក់ដំណើរការ ម៉ាស៊ីនវះកាត់ឆ្លុះនេះបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ។

សូមរំលឹកផងដែរថា កាលពីមុនការវះកាត់ទាក់ទង ដុះសាច់ក្នុងច្រមុះ ដោយមិនទាន់មានម៉ាស៊ីនថតឆ្លុះ គឺគេវះសើយពីបបូរមាត់ឡើង ហើយគេដាប់ច្រឹបឆ្អឹង លូកយកសាច់ដុះ ឬសដូង និងខ្ទុះក្នុងច្រមុះ ។ ការប្រើវិធីវះកាត់នេះ ក្រោយពីវះកាត់រួច ធ្វើឲ្យអ្នកជំងឺឈឺចាប់ ហើមមុខ ហើមភ្នែក និងស្ពឹកចំមុខកន្លែងវះ ហើយក្រោយ ៥-៦ខែ ក៏នៅតែធ្វើទុកដែរ ។

ការព្យាបាលដោយប្រើម៉ាស៊ីន អង់ដូស្កុប ឆ្លុះចូលតាមរន្ធច្រមុះ ទៅចាប់យកខ្ទុះ និងកាត់ដុះសាច់តែម្ដង ហើយក្រោយពេលព្យាបាលរួច អ្នកជំងឺអត់មានហើម អត់ឈឺចាប់ សឹងតែដូចមនុស្សធម្មតា ។ ក្នុងករណីប្រើបច្ចេកទេសទំនើប អង់ដូស្កុប ក្រោយវះកាត់ ក្នុងថ្ងៃវះកាត់ អ្នកជំងឺអាចចេញពីពេទ្យបាន ឬមួយធ្ងន់អាច ២ថ្ងៃ ចេញពីពេទ្យបានហើយ ។ ប៉ុន្តែបើសិនជាវះសម័យមុន ក្រោយពេលវះសម្រាកនៅពេទ្យមួយអាទិត្យ បានអាចចេញពីពេទ្យទៅបាន ។

ជំងឺដុះសាច់ ខ្ទុះ និងឬសដូងក្នុងច្រមុះ ភាគច្រើនអាចកើតឡើង លើមនុស្សចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ។ មូលហេតុដែល បណ្ដាលឲ្យកើតជំងឺនេះ គឺបណ្ដាលមកពី ការរលាកក្នុងច្រមុះ អាចមានដុះផ្សិត ជាពិសេសអាចទាក់ទង ជាមួយអាកាសធាតុ ៕

ដោយ៖ ខា ដា

Facebook Comments

To Top