ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ តើមានថ្នាក់ដឹកនាំណាម្នាក់ ដឹកនាំប្រទេសបង្រួបបង្រួមជាតិ ហើយអាចបញ្ចប់សង្គ្រាម ៥០០ឆ្នាំ ក្នុងរយៈពេល២០ឆ្នាំ

កណ្តាល៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្ហាញពីរីរភាពរបស់ឳពុក ក្នុងការតស៊ូរំដោះជាតិ ពោលពេញដោយសមត្ថភាព ដឹកនាំប្រទេស បង្រួមបង្រួមជាតិ ហើយអាចបញ្ចប់សង្គ្រាម៥០០ឆ្នាំ នៅក្នុងរយៈពេល២០ឆ្នាំ។

ការលើឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងខណៈតំណាងឲ្យសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញក្នុងពិធីសម្ភោធ ឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមណិរតនារាម (ហៅវត្តពាំរាំងក្រោម ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែកខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “តើមានថ្នាក់ដឹកនាំណាម្នាក់ ដឹកនាំប្រទេសបង្រួបបង្រួមជាតិហើយ អាចបញ្ចប់សង្គ្រាម ៥០០ឆ្នាំ នៅក្នុងរយៈពេល២០ឆ្នាំ គឺយើងបានរំដោះប្រទេស នៅក្នុងឆ្នាំ១៩៧៩ ប៉ុន្តែនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោធ្វើឲ្យ យើងមានសុខសន្តិភាព ពេញលេញ នៅឆ្នាំ១៩៩៨ គិតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល២០ឆ្នាំ ។ គ្រប់កាលៈទេសៈ សម្ដេចបានយកជីវិត ដើម្បីរំដោះប្រទេសជាតិ បង្រួបបង្រួមជាតិ និងជួយបម្រើប្រជាជន”។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា “គោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ធ្វើឲ្យខ្មែររួបរួមគ្នា បញ្ចប់សង្គ្រាម បញ្ឈប់ការកាប់សម្លាប់គ្នា ក៏ដូចគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺធ្វើបុណ្យជាមួយ ប្រជាពលរដ្ឋ កសាងសន្តិភាព កសាងសមិទ្ធផល ដើម្បីប្រជាពលរដ្ឋ ប្រកាន់យកគោលការណ៍ បង្រួបបង្រួមគ្នា ក្នុងនាមជាខ្មែរ ដែលធ្វើឲ្យយើង អាចបញ្ចប់សង្គ្រាម ក្នុងរយៈពេល៥០០ឆ្នាំ។ ដោយសារប្រទេស មានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ប្រជាពលរដ្ឋមានទឹកចិត្ត ចែករំលែកទើបយើងមានឱកាស ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងសមិទ្ធផលនានា”។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបន្តជឿជាក់ លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោកបានមាន ប្រសាសន៍ថា “សូមថ្លែងអំណរគុណ ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោត ជូនសម្ដេចតេជោហ៊ុន សែន ដឹកនាំប្រទេសជាបន្តទៀត។ ការបោះឆ្នោតនេះ គឺមិនខុសទេ គឺបោះឆ្នោតឲ្យខ្លួនឯង ឲ្យអនាគតកូនចៅ និងបន្តកសាងប្រទេស ជាបន្តទៀតជាមួយគ្នា។ និងសូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងផ្នែកដែលពាក់ព័ន្ធ ដែលបានត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ”។

បើតាមលោក ហ៊ុន ម៉ាណែត “ប្រជាពលរដ្ឋជាង៨៣ភាគរយ បានទៅបោះឆ្នោត គឺជាការទះកំផ្លៀង មួយធ្ងន់ណាស់ ចំពោះអ្នកដឹកនាំ នយោបាយក្រៅប្រទេស ដែលមុនបោះឆ្នោត បានអំពាវនាវ ឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ធ្វើពហិការម្រាមដៃស មិនតែប៉ុណ្ណោះបានគំរាមកំហែង មិនចូលរួមបោះឆ្នោត ហៅ បរទេសមកដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យកូនចៅប្រជាពលរដ្ឋ គ្មានការងារធ្វើ បំផុសប្រជាពលរដ្ឋធ្វើបាតុកម្ម ប៉ុន្តែទីបំផុតប្រជាពលរដ្ឋ ៧លាន នាក់បានទៅបោះឆ្នោត ហើយបោះឆ្នោត បានការបានយ៉ាងច្រើនលើសលុប”។

នេះបង្ហាញថា ប្រជាពលរដ្ឋបោះឆ្នោត មិនចាំនរណាទេ ប្រជាពរដ្ឋបោះឆ្នោតអោយអ្នកដឹកនាំ ដែលមានគោលនយោបាយ បម្រើប្រជាពលរដ្ឋ ចង់បានសុខសន្តិភាព។ នេះដោយសារប្រជាពលរដ្ឋ យល់ច្បាស់អំពីគោលបំណង និងផលប្រយោជន៍ នៃសេចក្តីសុខរបស់គាត់ ហើយបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លើសលុប។

ជាក់ស្តែងក្រោយការបោះឆ្នោត ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ មានឱកាសធ្វើបុណ្យទានរដូវភ្ជុំបិណ្ឌ និងយើងបន្តកសាងទៅមុខទៀត ដើម្បីកូនចៅយើងជំនាន់ក្រោយ។ នេះហើយដែលប្រជាពលរដ្ឋ បោះឆ្នោតមិនខុសទេ ប្រជាពលរដ្ឋបោះឆ្នោតដោយសុឆន្ទ: ចង់បានមេដឹកនាំប្រទេស ដែលគ្រប់គ្រងប្រទេស ដែលមានសុខសន្តិភាព មានព្រហ្មវិហារធម៌ និងជួយប្រជាពលរដ្ឋ។សូមគិត ធ្វើជាអ្នកនយោបាយសូមកុំញុះញង់ ឲ្យប្រជាពលរដ្ឋរើសអើងគ្នា ឈ្លោះគ្នា ធ្វើបាបប្រជាពលរដ្ឋ ដែលគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅក្រៅប្រទេស កុំលើកប្រជាពលរដ្ឋ ឲ្យឈ្លោះគ្នា ធ្វើបាតុកម្មនៅក្រៅប្រទេស។ សូមប្រជាពលរដ្ឋបន្តជឿទុកចិត្ត សម្ដេចតេជោ ក្នុងការដឹកនាំប្រទេស រក្សាសុខសន្តិភាព ហើយនឹងយើងរួមគ្នា កសាងប្រទេសបន្ថែមទៀត៕

 

 

 

 

 

 

 

 

 

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top