អន្តរជាតិ

លោក ត្រាំ និយាយថា អាមេរិកនិងជប៉ុន បានចាប់ផ្តើមពិភាក្សាគ្នា ស្តីពីជំនួញ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងជប៉ុន នាពេលថ្មីៗនេះ បានចាប់ផ្តើមកិច្ចពិភាក្សា ជុំវិញបញ្ហាជំនួញ និងថា ទីក្រុងតូក្យូដឹងថា វាជាបញ្ហាដ៏ធំមួយ ប្រសិនបើកិច្ចព្រមព្រៀង មិនអាចបង្កើតឡើង ចំណែកឥណ្ឌា ក៏បានស្នើចាប់ផ្តើមពិភាក្សាគ្នា ស្តីពីកិច្ចព្រមព្រៀងជំនួញផងដែរ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក ត្រាំ បានប្រាប់អ្នកកាសែត នៅលើយន្តហោះ Air Force One ដូច្នេះថា “យើងកំពុងចាប់ផ្តើម កិច្ចពិភាក្សានោះ គឺពិតណាស់ ជប៉ុនបានស្នើយើង ពួកគេបានមកកាលពីសប្ដាហ៍មុន។ ប្រសិនបើយើងមិនបង្កើត កិច្ចព្រមព្រៀងមួយ ជាមួយជប៉ុននោះ ជប៉ុនដឹងថា វាគឺជាបញ្ហា ដ៏ធំមួយ”។

គួរបញ្ជាក់ថា លោក ត្រាំ ដែលកំពុងប្រជែងជាមួយចិន ម៉ិចស៊ិកូ កាណាដា និងសហភាពអឺរ៉ុប ស្តីពីបញ្ហាជំនួញ បានបង្ហាញនូវភាព មិនសប្បាយចិត្ត អំពីឱនភាពជំនួញ ដ៏ធំនៃប្រទេសរបស់លោក ជាមួយប្រទេសជប៉ុន ប៉ុន្តែមិនបានស្នើសុំជប៉ុន ឲ្យចាត់វិធានការជាក់លាក់ ដើម្បីដោះស្រាយ អតុល្យភាពនោះទេ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top