ព័ត៌មានជាតិ

លោកទេស រដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជួបតំណាង និស្សិតខ្មែរ ជាង ៩០នាក់ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យហ្វាតូនី ប្រទេសថៃ

ខេត្តប៉ាតានី ប្រទេសថៃ: បន្ទាប់ពីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅព្រឹកថ្ងៃទី០៩ កញ្ញា ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង លោក ជាមួយនឹងគណៈប្រតិភូកម្ពុជាអមដំណើរ ២៧រូប បានអញ្ជើញសាកសួរសុខទុក្ខ ជួបពិភាក្សាជាមួយ តំណាងនិស្សិតខ្មែរដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមគម្រោងអាហារូបករណ៍របស់សាកលវិទ្យាល័យហ្វាតូនី ដែលមានសរុប ប្រមាណ ៩១រូប ក្នុងនោះ ក៏មានអ្នកដែលទទួលបរិញ្ញាបត្រក្នុងថ្ងៃនេះដល់ទី ២២រូប ក្នុងចំណោមនិស្សិតថៃ និងនិស្សិតប្រទេសផ្សេងដែលទទួលក្នុងថ្ងៃនេះសរុប ៩៧១រូប ។

បន្ទាប់ពីពាំនាំអនុសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ ក្មួយៗនិស្សិតថា ខ្ញុំតែងតែមានទស្សនៈថា ខ្ញុំធ្វើបាន អ្នកធ្វើបាន យើងធ្វើបាន មានន័យថា ដរាបណាយើ​ង​ខំប្រឹងដោយមាន​ភាព​ជឿជាក់ នោះយើងទាំងអស់គ្នានឹងអាចសម្រេចបានរាល់ការងារទោះតូច ទោះធំ ដែលទាមទារឲ្យយើង​ទាំងអស់គ្នា ត្រូវទទួលយកចំណេះដឹង អភិវឌ្ឍចំណេះដឹង ច្នៃប្រឌិតចំណេះដឹង រួមផ្សំជាមួយការយក​ចំណេះដឹង ទៅប្រើប្រាស់ឲ្យចំគោលដៅ ជាមួយសុជីវធម៌ ចរិយាធម៌។

លោក ក៏បានថ្លែងការអបអរសាទរ ដល់និស្សិតខ្មែរ ទាំង ២២រូបដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យនៅថ្ងៃនេះ ក៏ដូចជាអ្នកដែលបញ្ចប់ ការសិក្សានៅជំនាន់មុនៗមក ដោយបញ្ជាក់ទៀតថា ប្អូនៗក្មួយៗគឺជាធនធាន មនុស្សដ៏សំខាន់ និងមានឱកាសទៅប្រកួតប្រជែងការងារ នៅប្រទេសយើង ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល។ ជាក់ស្តែង កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតីតេជោហ៊ុន សែន ក្រៅពីការយកចិត្តទុកដាក់លើវិស័យនានា ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ ប្រកបដោយចីរភាព គឺវិស័យអប់រំ ជាវិស័យអទ្ធិភាព ដែលរាជរដ្ឋាភិបាលបានកំពុងផ្តោតការយកចិត្តទុកដាក់ និង ជំរុញ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស។

ក្នុងឱកាសនោះ លោកក៏បានផ្តល់ថវិកា ដល់និស្សិតខ្មែរទាំង ៩១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០០បាត ផងដែរ។

Facebook Comments

To Top