នយោបាយ

លិខិតមិត្តអ្នកអាន៖ ការបោះឆ្នោតឆ្នាំ ២០១៨ បង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់កម្ពុជា!

អាចចាត់ទុជាលើកដំបូងហើយ ក្នុងប្រវត្តិនៃការបោះឆ្នោត នៅកម្ពុជាចាប់តាំងពី ឆ្នាំ ១៩៩៣ មកដែល ស្ថានការណ៍ ក្រោយការបោះឆ្នោតមាន លក្ខណៈល្អដូចការបោះឆ្នោតឆ្នាំ ២០១៨ នេះ។

ការបោះឆ្នោត លើកមុនៗ តែងតែមានភាពតានតឹងខាង នយោបាយខ្លាំង ទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងជាពិសេសគឺក្រោយការបោះ ឆ្នោត ។ ពលរដ្ឋខ្មែរតែងតឹងទ្រូង ព្រួយបារម្ភ និងភ័យខ្លាច ដោយសារ តែសភាពការណ៍ច្របូកច្របល់ បាតុកម្ម បិទផ្លូវ ផ្ទុះហិង្សា ដុតរោងចក្រ វាយកម្ទេចទ្រព្យសម្បត្តិ សាធារណៈ និងឯកជន មនុស្សរបួស និងឈានដល់ស្លាប់ក៏មាន។ រីឯសេដ្ឋកិច្ចបាត់លំនឹង ទីផ្សារអលចនទ្រព្យនៅ ទ្រឹងមួយកន្លែង ខណៈដែលពលរដ្ឋត្រៀមត្រីងៀត អង្ករ សាំង និងគ្រឿងឧបភោគបរិភោគចាំបាច់ មួយចំនួន។

ប៉ុន្តែ ពេលនេះ រឿងអពមង្គលទាំងនោះលែងកើតមានទៀតហើយ។ ការបោះឆ្នោតឆ្នាំ ២០១៨ នេះ មានស្ថានភាព ខុសស្រឡះពីការបោះឆ្នោតលើកមុនៗ៖ ពេលជិតបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត អ្វីៗ មានសភាពធម្មតាទាំងអស់ ហើយប្រជាពលរដ្ឋមានអារម្មណ៍ហាក់ដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ។ ពលរដ្ឋ ធ្វើដំណើរទៅមកដោយគ្មានការព្រួយបារម្ភ, ការប្រកបរបរអាជីវកម្មនានានៅតែមានសកម្មភាពគគ្រឹកគគ្រេង, ទីផ្សារអចលនទ្រព្យ បន្តឡើងថ្លៃ និងមានសកម្មភាពរស់រវើក។ គ្មានអ្នកណាជជែកគ្នា អំពីរឿងព្រួយបារម្ភអំពីបញ្ហា នយោបាយទៀតទេ។

បច្ចុប្បន្ន ពលរដ្ឋកំពុងត្រៀមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយ តាមប្រពៃណីព្រះពុទ្ធសាសនា។ អ្វីដែលជាការរីករាយសម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់គឺ ការផ្តល់ប្រាក់ឧបត្ថម្ភ ៥ ម៉ឺនរៀលពីសំណាក់រាជរដ្ឋាភិបាល សម្រាប់ធ្វើបុណ្យទានពេលបុណ្យភ្ជុំបិណ្ឌ។ រាជរដ្ឋាភិបាលត្រៀម កញ្ចប់ថវិកាជាង ៧ លានដុល្លារ សម្រាប់ ការផ្តល់ជូននេះ។

ចំណែកកម្មករ ក៏ដូចជាពលរដ្ឋមកពី បណ្តារខេត្តក៏សប្បាយរីករាយនឹងការទទួលបាន ការឈប់សម្រាក និងការជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត ដោយឥតគិតថ្លៃ។ សរុបទៅ មិនត្រឹមតែស្ថានភាព ស្ងប់ស្ងាត់ល្អប៉ុណ្ណោះទេ ប៉ុន្តែ ភ្លាមៗក្រោយការបោះឆ្នោត ពលរដ្ឋបានទទួលផលពីរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះ។ នេះមិនទាន់រាប់ការសន្យាជាឧឡារឹករបស់លោក ហ៊ុន សែនដែលបន្តដឹកនាំរាជរដ្ឋាភិបាល អណត្តិថ្មីឲ្យមន្ត្រីរបស់ខ្លួន បម្រើពលរដ្ឋឲ្យបានល្អទ្វេដងលើសពីមុន និងឲ្យពលរដ្ឋ ទទួលផលច្រើនជាងមុនផងនោះទេ។

អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត ក្រោយបោះឆ្នោតភ្លាមៗ លោកហ៊ុន សែនបានសម្រេចស្នើ ទៅព្រះមហាក្សត្រដើម្បីលើកលែងទោសដល់ទណ្ឌិតអ្នកនយោបាយ មួយចំនួនបន្ទាប់ពីពួកគេសារភាពទទួលកំហុស និងសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីទទួលបាន ការលើកលែងទោសដោយសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសទៀត។ ទាំងនេះកើតចេញពីទឹកចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាព្រហ្មវិហារធម៌របស់មេដឹកនាំ។ នៅក្នុងអំឡុងពេលខាងមុខនេះ លោកហ៊ុន សែន
ក៏បានប្រកាសគម្រោងស្នើទូលថ្វាយ ព្រះមហាក្សត្រ ឲ្យលើកលែងទោសជាទ្រង់ទ្រាយធំ ដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារផងដែរ។ ទាំងអស់នេះសុទ្ធសឹងជាដំណឹងល្អៗ ដែលគេបានលឺក្រោយការបោះឆ្នោត។
ខុសកាលពីលើកមុខៗ ដែលមានការប្រឈមមុខដាក់គ្នាតានតឹងដែលហៀបនឹងអូសទាញ ប្រទេសឲ្យធ្លាក់ក្នុងសភាពចលាចលនិងបង្ហូរឈាមម្តងៗ ទៅហើយ។

ប្រជាពរដ្ឋខ្មែរជាច្រើនបានសម្តែងការពេញចិត្តចំពោះស្ថានភាពក្រោយការបោះឆ្នោតនេះ ខ្លាំងណាស់។ ពួកគេអះអាងស្ទើរគ្រប់មាត់ថា ចង់ឃើញស្ថានភាពបែបនេះ ជារៀងរហូតពោលគឺចង់ឃើញប្រទេសជាតិ បោះឆ្នោត ៥ឆ្នាំម្តង ហើយការបោះឆ្នោតក្លាយជារឿងសាមញ្ញមួយរបស់កម្ពុជាដែលមិនមែនជាព្រឹត្តិការណ៍គួរឲ្យព្រឺខ្លាចដូចអតីតកាលទៀត។

ភាពចាស់ទុំខាងនយោបាយភាពរឹងមាំនៃសន្តិភាព និងការរីកសុះសាយនៃការអភិវឌ្ឍន៍ គឺជាសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងបោះជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ។ ភាពត្រឹមត្រូវនេះកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយភាពត្រឹមត្រូវនេះក៏កំពុងធ្វើឲ្យក្រុមក្រឡុកប្រទេសខ្សោយឥទ្ធិពលស្ទើរតែគ្មានសេសសល់អ្វីឡើយ។ នេះពិតជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាយ៉ាងពិតប្រាកដ។

រដូវភ្ជុំបិណ្ឌ ដែលកំពុងឈានចូលមកដល់ នេះក៏អាចចាត់ទុកថា ជា រដូវដែលពលរដ្ឋបាន សប្បាយរីករាយ កាន់តែខ្លាំងដោយសារតែម្យ៉ាងមកពីស្ថានការណ៍នយោបាយល្អប្រសើរក្រោយការបោះឆ្នោតដែលធ្វើឲ្យជីវភាពរបស់ពួកគេគ្មានទទួលរងផលប៉ះពាល់ជា អវិជ្ជមានណាមួយឡើយ។ ម្យ៉ាងទៀត គឺដោយសារតែ រាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតបានផ្តល់ផលប្រយោជន៍ ទាំងភ្លាមៗចំពោះមុខ និងទាំងផលប្រយោជន៍ យូរអង្វែងដល់ប្រជាពលរដ្ឋ។ ផុតពីរដូវភ្ជុំបិណ្ឌ ពិធីបុណ្យអុំទូកដែលជាពិធីបុណ្យ ដ៏សប្បាយរីករាយមួយរបស់ខ្មែរ ក៏ឈានមកដល់។ ដូច្នេះ ពលរដ្ឋខ្មែរសម័យនេះស្គាល់តែការសប្បាយរីករាយ ដោយគ្មានភ័យព្រួយរឿងសង្គ្រាមទៀតឡើយ។ នេះមកពីប្រទេសជាតិសានត្រាណហើយក្រោមម្លប់ដឹកនាំដែលពោរពេញ ដោយព្រហ្មវិហាធម៌។

ព្រហ្មវិហាធម៌របស់មេដឹកនាំក៏បាន ស្តែងឡើងយ៉ាងច្បាស់នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ ទាំងនេះគឺជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលកំពុងមានជំនឿកាន់តែមុតមាំលើរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ មានបំណងចង់រស់នៅក្នុងសុខសន្តិភាព ក្នុងនាមជារដ្ឋមួយដែលមានអធិបតេយ្យភាព ពញលេញ មិនចំណុះឲ្យបរទេសណាមួយឡើយ។ នេះគឺជាប្រវត្តិសាស្ត្រថ្មី និងវប្បធម៌ថ្មីសម្រាប់ ការបោះឆ្នោតនៅកម្ពុជាហើយវប្បធម៌នេះ នឹងចាក់ឬសរឹងមាំនៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ ជារៀងរហូតតទៅ៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យកំពង់ចាម

Facebook Comments

To Top