អន្តរជាតិ

ប្រេសិតពិសេសយូអិន ទន្ទឹងរង់ចាំពួកឧទ្ទាមហូធី នៅក្នុងកិច្ចពិភាក្សាសន្តិភាពយេម៉ែន ក្នុងទីក្រុងហ្សឺណែវ

បរទេស៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Martin Griffiths តាមសេចក្តីរាយការណ៍បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាល យេម៉ែន អំពីបញ្ហានានា ដែលរួមមានទាំងអំពីបញ្ហាអ្នកទោស ការបញ្ជូនជំនួយមនុស្សធម៌ និងការបើកឡើងវិញនូវអាកាសយានដ្ឋានសាណាអា។

ប៉ុន្តែលោក Griffiths ដែលបានចាប់ផ្តើមកិច្ចពិភាក្សាគ្នា ជាមួយគណៈប្រតិភូរដ្ឋាភិបាលយេម៉ែន ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍នៅតែកំពុងទន្ទឹងរង់ចាំតំណាង របស់ពួកឧទ្ទាមហូធី ដែលមកពីរដ្ឋធានីសាណាអា ដើម្បីប្រារព្ធធ្វើកិច្ចពិភាក្សាសន្តិភាព នេះបើយោងតាមសម្តីរបស់មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិ លោកស្រី Alessandra Vellucci។

ទន្ទឹងនេះដែរ លោកស្រីក៏បាននិយាយផងដែរថា លោក Griffiths កំពុងតែពិភាក្សាវិធានការកសាងទំនុកចិត្តការបញ្ជូនជំនួយមនុស្សធម៌ការបើកអាកាសយានដ្ឋាន សាណាអាឲ្យដំណើរការ ឡើងវិញ និងបញ្ហាសេដ្ឋកិច្ច ជាមួយតំណាងរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលអន្តរជាតិទទួលស្គាល់៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top