នយោបាយ

ចិន-អាល្លឺម៉ង់-អ៊ុយក្រែន សាទរសម្តេចតេជោ បន្តឡើងកាន់ដំណែង ជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ក្រោយពីរដ្ឋសភាជាតិកម្ពុជាបានផ្តល់សេចក្តីទុកចិត្តឲ្យសម្តេចតេជោហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ មាន៣ប្រទេស គឺចិន-អាល្លឺម៉ង់ និងអ៊ុយក្រែន បានសម្តែងការអបអរសាទរចំពោះការបន្តធ្វើជានាយករដ្ឋមន្រ្តី។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភាបានផ្តល់សេចក្តីចំពោះសមាសភាពក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មីក្នុងនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៦រូប និងរដ្ឋមន្រ្តី២៩រូប ក្នុងនោះមានឧបនាយករដ្ឋមន្ត្រីថ្មី ៣រូបគឺ លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា និងទេសរដ្ឋមន្ត្រីថ្មី ៤រូប លោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា និងលោក អូស្មាន ហាស្សាន់ ។

លោក លី ខេជាំង នាយករដ្ឋមន្ត្រីចិន តាមរយៈលិខិតផ្ញើសារមកសម្តេចតេជោជាភាសាអង់គ្លេសនៅថ្ងៃទី៦ កញ្ញា បានឲ្យដឹងថា “ខ្ញុំសូមសម្តែងការអបអរសាទរ ប្រកបដោយភាពកក់ក្តៅ ជំនួសមុខឲ្យរដ្ឋាភិបាលចិន និងខ្លួនខ្ញុំផ្ទាល់ជូនចំពោះសម្តេចដែលបានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា បន្តទៅមុខទៀត”។

ក្នុងលិខិតនោះ នាយករដ្ឋមន្រ្តីចិន បានសង្កត់ធ្ងន់ថា បន្ទាប់ពីបានជួបពិភាក្សាជាមួយសម្តេចតេជោជាច្រើនលើកជាច្រើនសារ ភាគីទាំងពីរ នឹងបន្តរក្សាទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយ។

លោកថា ក្នុងឱកាសនៃការសាទរសម្តេចតេជោនេះ លោកនឹងបន្តការងារជាមួយសម្តេច ក្នុងការបង្កើតចេញសហគមន៍ ដែលមានការចែករំលែកអនាគតរួមគ្នារវាងចិន-កម្ពុជា ជាមួយនឹងយុទ្ធសាស្ត្រដ៏គួរឲ្យកត់សម្គាល់ ដើម្បីផ្តល់ផលប្រយោជន៍ទៅកាន់តំបន់ និងសន្តិភាពសកលលោក ស្ថិរភាព និងវិបុលភាព។

ចំពោះអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារជូនពរសម្ដេចតេជោ ដែលទទួលជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសដែលសម្ដេច ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជានាយករដ្ឋមន្ត្រីអាណត្តិទី៦ ។

យោងតាមសារលិខិតអបអរសាទរ របស់លោកស្រី Angela Merkel នៅថ្ងៃទី៦ កញ្ញា បានសរសេរថា “ខ្ញុំសូមជូនពរសម្តេចទទួលបានជោគជ័យគ្រប់ប្រការក្នុង អាណត្តិថ្មីរបស់សម្តេច ។ ប្រទេសនិងប្រជាជនយើងទាំងពីរ មានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបាន ឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះ បានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌” ។

លោកស្រីបន្តថា ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យនិងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរនៅកម្ពុជា សម្តេចអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។

ចំណែកនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Volodymyr Groysman ក៏បានសាទរចំពោះការបន្តធ្វើជានាយកដ្ឋមន្រ្តីរបស់សម្តេចតេជោផងដែរ។

លិខិតផ្ញើសារអបអរសាទរដល់សម្តេចតេជោនៅថ្ងៃទី៧ កញ្ញា បានឲ្យដឹងថា “តាងនាមឲ្យរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងខ្លួនខ្ញុំផ្ទាល់ សូមទទួលយកការចូលរួមអបអរសាទរដោយស្មោះត្រង់ពីរូបខ្ញុំ ចំពោះការតែងតាំងរបស់សម្តេច ក្នុងការបន្តកាន់មុខតំណែងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា”៕

Facebook Comments

To Top