នយោបាយ

អធិការបតីអាល្លឺម៉ង់ ផ្ញើសារជូនពរសម្ដេចតេជោ ទទួលជោគជ័យ ក្នុងការដឹកនាំរាជរដ្ឋាភិបាល អាណត្តិថ្មី

ភ្នំពេញ៖ អធិការបតីនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើសារជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសដែលសម្ដេច ត្រូវបានរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជានាយករដ្ឋមន្ត្រីអាណត្តិទី៦ ។ 

យោងតាមសារលិខិតអបអរសាទរ របស់លោកស្រី Angela Merkel នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បានសរសេរថា “ខ្ញុំសូមជូនពរសម្តេច ទទួលបានជោគជ័យគ្រប់ប្រការក្នុង អាណត្តិថ្មីរបស់សម្តេច ។ ប្រទេសនិងប្រជាជនយើងទាំងពីរ មានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបាន ឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះ បានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌” ។

លោកស្រីបន្តថា ចំពោះកិច្ចការពង្រឹង ប្រជាធិបតេយ្យនិងការចូលរួមតាមរយៈ កិច្ចសន្ទនានយោបាយដោយបើកចំហរ នៅកម្ពុជា សម្តេចអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។ លោកស្រី ក៏បានជូនពរសម្តេច ទទួលបានសំណាងល្អ និងសព្វសារធុកាពរក្នុងការ បំពេញកិច្ចការសំខាន់ៗ ៕

ដោយ៖ ខា ដា

Facebook Comments

To Top