ព័ត៌មានជាតិ

អតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ទទួលការយក ចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

កំពង់ធំ៖ អង្ករ​ចំនួន ​៣,០០០​ គីឡូ​ក្រាម​​ (បីតោន)​ មី​យើង ​ចំនួន​២០០​ កេស​ បន្ថែម​ទៀត​ ត្រូវ​បាន​សម្តេចតេជោហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ តាម​រយ:ឧត្ដមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ អគ្គ​លេខាធិការ​រង​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្ដល់​ជូន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ។

ដោយ​ឃើញ​ពី​ សកម្មភាព​មមាញឹក​របស់ ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ ក្នុង​ការ​ស្វែង​យល់​ពី​សុខ​ទុក្ខ​ និង​តម្រូវការជីវភាព​ រស់នៅ​របស់​អតីត​យុទ្ធ​ជន​ និង​ប្រជាជនដែល​ មាន​ជីវភាព​លំបាក​ ខ្វះខាត​​នៅ​តាម ​បណ្ដា​មូលដ្ឋាន​នានា​នៅ​ក្នុង ​ខេត្ត​កំពង់​ធំ​ បាន​យ៉ាង​ល្អ​ប្រសើរ​ និងដើម្បី​បន្ត​បម្រើ​ប្រជាជន​ឲ្យ​ បាន​ទ្វេ​ដង​ថែម​ទៀត​ នៅ​ក្នុង​អណត្តិទី​៦​ នៃរាជរដ្ឋាភិបាលថ្មីនេះ​ តាម​រយ:ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត​ សម្ដេច​តេជោ​ហ៊ុន​ សែន​ បាន​បន្ត​ឧបត្ថម្ភ​អង្ករ​ចំនួន​៣,០០០​ គីឡូ​ក្រាម​ និង​មីចំនួន​២០០កេស​បន្ថែម​ទៀត​ ដល់​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​សមាគម​ អតីត​យុទ្ធ​ជន​ខេត្ត​ នៅព្រឹកថ្ងៃទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​បញ្ជាការ​ដ្ឋាន​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ។

ក្នុង​នាម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​ស្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះគឺជាការគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយស និងការដឹងគុណ ចំពោះការធ្វើពលីកម្ម ដ៏មានតម្លៃរបស់អតីតយុទ្ធជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។​

លោកបន្ថែមថា ក្រុមការងារសមាគម អតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ ប្តេជ្ញា​ចិត្ត​ដាច់​ខាត ​បន្ត​ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន​ដើម្បី​បម្រើ​ ប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ ថែម​ទៀត​ដោយ​មិន​គិត​ពី ​ការ​លំបាក​ហត់​នឿយ​ឡើយ​ ហើយ​និង​​សូម​គោរព​ថ្លែង​អំណរគុណ​ ដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ចំពោះ កម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង​គ្រួសារកងទ័ព។

សូមបញ្ជាក់ថា ក្រុមការងារសមាគម អតីតយុទ្ធជនខេត្តកំពង់ធំ បានយកចិត្តទុកដាក់ ធ្វើសកម្មភាពការងារ សមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ យ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់​អតីតយុទ្ធជន ចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងបានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល។

ជាពិសេសសមាគម បានចុះជួយកសាងផ្ទះ ជូន​អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត បានចំនួន៩៥ផ្ទះហើយ ដែលទាំងនេះ គឺជាអំណោយរបស់់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគម អតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត។

Facebook Comments

To Top