ព័ត៌មានជាតិ

មន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ បានចូលរួមចំណែកជាផ្នែកមួយ ក្នុងការកាត់បន្ថយអ្នកជំងឺ ចេញទៅព្យាបាល ក្រៅប្រទេស

ភ្នំពេញ៖ ដោយសង្កេតឃើញថា មន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ ជាមន្ទីរពេទ្យមួយដែលមានស្តង់ដារ អាចឲ្យប្រជាពលរដ្ឋ ជឿទុកចិត្តបាន និងមានគុណភាពល្អនោះ បានចូលរួមចំណែក ក្នុងការកាត់បន្ថយអ្នកជំងឺ ដែលស្វែងរកសេវា ពិនិត្យព្យាបាលជំងឺ នៅក្រៅប្រទេសបានមួយចំនួន ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ វាយតម្លៃការងារ ៥ឆ្នាំ ស្ដីពីការគាំទ្របច្ចេកទេស សុខាភិបាល របស់មន្ទីពេទ្យ ជោរៃវៀតណាម ដល់មន្ទីរពេទ្យជោរៃ ភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ត្រាន់ ថាន់ទុង អគ្គនាយកមន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ បានមានប្រសាសន៍ថា រយៈពេលជាង ៥ឆ្នាំកន្លងមកនេះ ចំនួនអ្នកជំងឺ ដែលបានមកទទួលសេវាព្យាបាលពីមន្ទីរពេទ្យ ទាំងមកពិនិត្យធម្មតា និងមកសម្រាកវះកាត់ មួយឆ្នាំៗ មានការកើនឡើង គួរឲ្យកត់សម្គាល់ ។

លោកបន្តថា ជាក់ស្តែងក្នុងមួយថ្ងៃ អ្នកជំងឺបានមកទទួលសេវា តិចបំផុតពី ៣០០នាក់ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ ចំណែកឯអ្នកជំងឺសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យតែម្តង ដែលមានដូចជា ការវះកាត់ និងជំងឺធ្ងន់ធ្ងរនោះ តិចបំផុតពី ៨០ទៅ១០០នាក់ ។

លោកបញ្ជាក់ថា “ពួកយើងកំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតសេវាជាច្រើន ជាពិសេសពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ កំពុងធ្វើការនៅទីនេះ ដើម្បីបណ្ដុះបណ្ដាលនៅទីនេះផង និងបញ្ជូនទៅបណ្ដុះបណ្ដាលនៅ វៀតណាមផង ដើម្បីពង្រឹងសម្ថភាពពួកគាត់” ។

គួរបញ្ជាក់ថា មន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ ដោយមានការសហការ ជាមួយមន្ទីរពេទ្យជោរ៉ៃ ទីក្រុងហូជីមិញ បានធ្វើឲ្យការផ្ដល់សេវា ពិនិត្យព្យាបាល ទទួលបានគុណភាព និងប្រសិទ្ធិភាព ដូចទៅនឹងមន្ទីរពេទ្យ នៅទីក្រុងហូជីមិញផងដែរ ។ ក្នុងន័យនេះ លោកក៏បានលើកទឹកចិត្ត ឲ្យអ្នកជំងឺកម្ពុជា ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យជោរ៉ៃ ភ្នំពេញ ដោយធ្វើឲ្យអ្នកជំងឺ ចំណេញទាំងប្រាក់កាក់ និងពេលវេលា ។

ក្រៅចូលរួមចំណែក លើកកម្ពស់វិស័យ សុខាភិបាលកម្ពុជា ជាមួយនឹងការផ្តល់ជូនសេវាកម្មគុណភាពខ្ពស់ មន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានធ្វើកម្មវិធីសប្បុរសធម៌ តាមរយៈការពិនិត្យ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ដោយឥតថ្លៃជារៀងរាល់ខែ ជាមួយនឹងការផ្តល់ការប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ ៕

ដោយ៖ ខា ដា

Facebook Comments

To Top