ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជួបសំណេះ សំណាល ជាមួយគ្រូបង្វឹក និងអត្តពលិក ហែលទឹក២១រូប មុនចេញដំណើរ ទៅហ្វឹកហាត់ នៅជប៉ុន

ភ្នំពេញ ៖ ថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបទទួលការ តែងតាំងថ្មីសម្រាប់អាណត្តិទី៦ និងជាប្រធាន សហព័ន្ធកីឡាខ្មែរ ហែលទឹក បានជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករកីឡាការិនី ហែលទឹកកម្ពុជា ចំនួន២១រូប មុនចេញដំណើរ ទៅហ្វឹកហាត់រយៈ ពេលខ្លី ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសជប៉ុន ។

លោកហែម គីរិ អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធ កីឡាខ្មែរហែលទឹកនឹងបញ្ជូន កីឡាករ-កីឡាការិនីហែលទឹក ទៅហ្វឹកហាត់នៅទីក្រុងតូក្យូ និងខេត្តតូស៊ីម៉ា ប្រទេសជប៉ុននេះ ធ្វើឡើងតបតាមការអញ្ជើញ របស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបាន ស្នើសុំឲ្យប្រទេសជប៉ុន ផ្តល់ឱកាសឱ្យកីឡាករកម្ពុជា បានដកស្រង់ បច្ចេកទេស និងបទ ពិសោធន៍ ក៏ដូចជាស្វែងយល់អំពីវប្បធម៌ នៃការរស់នៅរបស់ប្រជាជនជប៉ុនផងដែរ។

លោកបានបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីការ ខិតខំប្រឹង ប្រែងបន្ថែម ក្នុងការជួយគាំទ្រដល់ពហុកីឡដ្ឋានជាតិ តាមរយៈការបង្កើតGym កង់ទីន រួមជាមួយនឹងការផ្គត់ផ្គង់ អាហារូបត្ថម្ភដល់កីឡាករ ឲ្យហូបចុកបានគ្រប់គ្រាន់ មធ្យោបាយ ធ្វើដំណើរទៅហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងស្វែងរកគ្រូបង្វឹកបន្ថែម និងអ្នកជួយឧបត្ថម្ភឲ្យកីឡាករ បានទៅហ្វឹកហាត់នៅ ក្រៅប្រទេសដូចជា ប្រទេសចិន ជប៉ុន និងកូរ៉េជាដើម ដើម្បីគំាទ្រដល់ការហ្វឹកហាត់របស់កីឡាករក្នុងការ ត្រៀមខ្លួនចូលរួម ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឲ្យកីឡាករ-កីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា រក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជា ប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងព្យាយាមទទួលយកបទពិសោធន៍ បន្ថែមពីប្រទេសជប៉ុនឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។ ក្នុងនោះទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឧបត្ថម្ភសម្រាប់គ្រូបង្វឹក និង កីឡាករ-កីឡាការិនី២១នាក់ ម្នាក់ៗចំនួន ២០០ដុល្លារអាមេរិក៕

ដោយ ៖ លី ភីលីព

 

Facebook Comments

To Top