អន្តរជាតិ

លោក ត្រាំ ហៅកិច្ចពិភាក្សា ជាមួយលោក ពូទីន ថាជាជំនួបល្អបំផុត តាំងពីលោក ធ្វើជាប្រធានាធិបតីអាម៉េរិក

បរទេស៖ លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបរវាងលោកជាមួយ សមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅ ទីក្រុង Helsinki កាលពីខែកក្កដាកន្លងមកនោះ គឺជាកិច្ចប្រជុំដ៏ល្អបំផុតមួយ របស់លោកក្នុងនាមជាប្រធានាធិបតី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក ត្រាំ នៅឯការជួបជុំគ្នា តាមទូរទស្សន៍ជាតិនៅម៉ុនតាណា កាលពីថ្ងៃព្រហស្បតិ៍ថា «យើងមានកិច្ចប្រជុំដ៏ធំមួយ យើងបាននិយាយអំពីអ៊ុយក្រែន ហើយយើង ក៏បាននិយាយអំពីស៊ីរីផងដែរ។ យើងបាននិយាយ អំពីការការពាររបស់អ៊ីស្រាអែល។ យើងបាននិយាយ អំពីរឿងដ៏អស្ចារ្យជាច្រើន»។

លោក ត្រាំ បានបន្ថែមថា សារពត៌មាន គឺមានការតឹងតែងខ្លាំងណាស់ ចំពោះរូបលោក បន្ទាប់ពីលទ្ធផលនៃការប្រជុំ ហើយថាអ្នករិះគន់ ក្រោយមកបានចោទប្រកាន់លោក ពីភាពទន់ភ្លន់លើលោកពូទីនទៅវិញ។

ប្រធានាធិបតីអាម៉េរិករូបនេះ បានកត់សម្គាល់ថា «ពួកគេចង់ឱ្យខ្ញុំប្រកួតប្រដាល់ នៅលើឆាកនេះមែនទេ»។ លោកបានបន្ថែមថា ប្រសិនបើលោក បានប្រកាន់ជំហររឹងមាំ ក្នុងអំឡុងពេលកិច្ចចរចា ជាមួយលោកពូទីន គូប្រជែងរបស់លោក នៅសហរដ្ឋអាមេរិក នឹងរិះគន់លោកចំពោះការធ្វើបែបនេះ ហើយនឹងចាត់ទុកថា វាជាការអាម៉ាស់មួយសម្រាប់អាម៉េរិក។

មុនពេលកិច្ចប្រជុំកំពូល រវាងអាមេរិកនិងរុស្ស៊ី នៅខែកក្កដា លោក ត្រាំ បានថ្លែងថា លោក និងលោកវ្ល៉ាឌីមៀរ ពូទីន អាចមានទំនាក់ទំនងល្អ៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top