ព័ត៌មានជាតិ

ម្ចាស់ពានចម្រៀង សម័យឆ្នាំ២០១១ ជាប់ចំណាត់ ថ្នាក់លេខ១ ធ្លាក់ខ្លួនធ្វើកម្មករសំណង់

ស្វាយរៀង ៖ ទស្សនិកជន នៅចាំបានទេ ម្ចាស់ពានមហោស្រព សិល្បៈចម្រៀងខ្មែរ ជាសកលឆ្នាំ២០១១ ពានរង្វាន់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប់ ចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យ ដែលមានសម្លេងពិរោះ ក្រអួនក្រអៅផ្អែមស្រទន់ នោះកំពុងលាក់ខ្លួនពួនអាត្មាមកធ្វើជាកម្មករសំណង់ មួយកន្លែងនៅរាជធានីភ្នំពេញ តែត្រូវ បានមេការសំណង់ មិនបើកប្រាក់អោយធ្វើអោយជីវភាពគ្រួសារ ខ្វះខាតយ៉ាងខ្លាំងបន្ត ដំណើរមករកការងារធ្វើនៅខេត្តស្វាយរៀង។

​ម្ចាស់ពានរង្វាន់លេខ១ លោក ឌី ថារ៉េន បានអោយដឹងថា លោកមកខេត្តស្វាយរៀង នាពេល នេះ ដើម្បីស្វែងរកការងារធ្វើ ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយមួយរយះចុងក្រោយនេះ លោកមិនដែលបានឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍ រឺក្រុមវង់តន្ត្រីណានោះទេ ធ្វើអោយ ជីវភាពលោកកាន់ដុនដាប។

លោកបានបន្តទៀតថា មុនមកខេត្តស្វាយរៀងនេះ លោកបានធ្វើជាកម្មករសំណង់ នៅឯរាជធានី ភ្នំពេញបានមួយរយះតែមេការសំណង់ មិនបើកលុយអោយទើបលោក សម្រេចចិត្តមកខេត្តនេះដើម្បីស្វែងរកការងារធ្វើបន្ត។

លោក ឌី ថារ៉េន បានរំលឹកអំពីប្រវត្តិ ដែលលោកបានឈានជើងចូលវិថីសិល្បះថា លោកមានស្រុក កំណើតខេត្តកំពង់ចាម ក្រោយមកក៏បានទៅរស់នៅខេត្តកំពង់ធំ ហើយកាលពីឆ្នាំ២០០៩ លោកបានស្ម័គ្រចិត្តចូលបំរើ ក្នុងជួរកងទ័ពឆ័ត្រយោង៩១១ ឈរជើងនៅប្រសាទ ព្រះវិហារបានមួយរយះ តែក្រោយមកក៏មានជម្ងឺគ្រុនចាញ់ ក៏បានឈប់មក សម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ហើយមិនបានវិលត្រឡប់មកបម្រើកងទ័ពវិញទេ។

នៅឆ្នាំ២០១០ការប្រឡងចម្រៀងមហោស្រពសិល្បៈចម្រៀងខ្មែរ ជាសកលក៏បានផ្តល់ ឱកាសអោយរូបលោកដាក់ពាក្យចូលប្រឡង នៅខេត្តកំពង់ធំជាប់ចំណាត់ថ្នាក់លេខ១ ។ ក្រោយពីប្រឡងជាប់នៅខេត្តរួចមកខាងខេត្ត ក៏បញ្ជូនបន្តមកភ្នំពេញដើម្បីប្រឡង យកពានរង្វាន់សកលផ្នែកចម្រៀងសម័យ ក្នុងការប្រឡងនេះគឺ គេចំរាញ់យកតែអ្នកជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តនិងមានខ្មែរនៅក្រៅប្រទេសមកប្រឡង យកជ័យលាភីដែរតែរូបលោកពុំទទួល បានចំណាត់ល្អនោះទេគឺបានត្រឹមលេខ៤ប៉ុណ្ណោះ។

លោកឌីថារ៉េនបញ្ជាក់ថាក្រោយពី មិនទទួលបានចំណាត់ថ្នាក់ដែលទីពេញចិត្តនោះ នៅឆ្នាំ២០១១ ក៏បានដាក់ពាក្យប្រឡងយកជ័យលាភីម្តងទៀត ទើបទទួលបានចំណាត់ ថ្នាក់លេខ១ដែលមានអ្នកដាក់ពាក្យប្រឡងយ៉ាងច្រើនកុះករ។ ពានរង្វាន់ចម្រៀងខ្មែរជាកល ផ្នែកចម្រៀងសម័យរបស់សម្តេចតេជោ ហ៊ុនសែន ទទួលបានពានចម្រៀង១ និងថវិការ២៥០០ដុល្លា ដោយកាលនោះប្រគល់ដោយឯកឧត្តមសុខអាន។

លោកឌីថារ៉េនបន្តទៀតថា ក្រោយពីទទួលបានជ័យលាភីលេខ១ រួចមកក៏មានស្ថានីយ៍ទូរទស្សន៍ មួយចំនួនបានហៅលោកឡើងច្រៀង និងច្រៀងតាមក្រុមវង់តន្ត្រី ប្រគុំតាមរោងការ បុណ្យ ជប់លៀង រាង្គសាលខ្លះៗដែរក្នុងនោះ ដូចជាកម្មវិធីដន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្ត កម្មវិធីមន្តស្នេហ៍សំនៀងCTN និងទូរទស្សន៍ហង្សមាស ទូរទស្សន៍ អប្សរាផងដែរ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពុំសូវមាន ខាងស្ថានីយ៍ ទូរទស្សន៍ក៏ដូចជាក្រុមវង់ តន្ត្រីហៅច្រៀងទៀតទេ ធ្វើអោយជីវភាពលោក ជួបការលំបាក ក៏ឈ្លៀតដើររកការងារធ្វើបន្ថែម .។

ពាក់ព័ន្ធទៅនឹងសំណួរសួរលោកថា អ្វីបានជាលោកសម្រេចចិត្តលាក់ខ្លួន ពួនអាត្មាធ្វើជាកម្មករសំណង់ បែបនេះលោកថាមកពីជីវភាព ខ្វះខាតហើយគ្មានគេហៅច្រៀង ម៉្យាងទៀត លោកជាអ្នកចម្រៀងដែលចូលចិត្តច្រៀងបទ ពីដើមដូចជាបទអធិរាជសម្លេង មាសស៊ិន ស៊ីសាមុត លោកអ៊ិន យ៉េន សុះម៉ាត់ អ៊ឹង ណារី កែវ សារ៉ាត់ ជាដើម ដូច្នេះគេមិនសូវ ហៅច្រៀងទេ។ លោកឌីថារ៉េន នៅចំពោះមុខអ្នកសារព័ត៌មាន យើងក៏បានអំពាវនាវដល់ ស្ថានីយ៍ទូរទស្សន៍និងរាង្គសាល ក្រុមតន្ត្រីផ្សេងៗក៏ដូចជាសប្បុរសជន សូមជួយអោយរូបគាត់ អោយបានឡើងច្រៀងវិញផង គ្រាន់បានប្រាក់កំរ៉ៃផ្គត់ផ្គង់គ្រួសារបន្ថែម ដោយជីវភាពសព្វថ្ងៃ ជួបការលំបាកខ្លាំង។ ដើម្បីងាយស្រួលទំនាក់ទំនងទៅលោកឌីថារ៉េន លោកលោកស្រី អាចទំនាក់ទំនងផ្ទាល់ តាមរយះលេខទូរស័ព្ទ0973707286.។ សូមបញ្ជាក់ថា ដោយមានក្តី អាណិត អាសូរពីសប្បុរសជនដល់លោក ឌីថារ៉េន ក្នុងនោះលោកសុនសុខ ជាតិនៅខេត្ត ស្វាយរៀងឧបត្ថម្ភ 50$ លោកស៊ុពៅពិសុដ្ឋ នៅខេត្តព្រៃវែង 30$ លោករដ្ឋានៅស្វាយរៀង20$ លោកនុតនាងស្វាយរៀង20$ លោកនាតតន្ត្រីសម័យស្វាយរៀង10$ លោកថតភារះស្វាយរៀង 5ម៉ឺន លោកយឹមសុថាន5ម៉ឺន ៕

ដោយ ៖ យាងដានុត

 

Facebook Comments

To Top