ព័ត៌មានជាតិ

មន្រ្ដីនគរបាលនៃ វរៈសេនាតូច នគរបាលព្រំដែនគោកលេខ៦០៥ ចំនួន១៦៨រូប ត្រូវបានបំពាក់ឋានន្ដរស័ក្ដិ និងបំពាក់មេដាយ

កណ្ដាលៈ មន្រ្ដីនគរបាលជាតិ នៃទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចំនួន១៦៨រូប ត្រូវបានបំពាក់ឋានន្ដរស័ក្ដិនិងបំពាក់មេដាយ ក្រោមអធិបតីភាពឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ដែលនេះ ធ្វើឡើងនៅសាលប្រជុំរបស់ទីបញ្ជាការវរៈសេនាតូចការពារ ព្រំដែនគោកលេខ៦០៥ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ដ បានឲ្យដឹងថា មន្រ្ដីនគរបាលដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិនាពេលនេះរួមមាន ថ្នាក់អនុសេនីយ៍ឯកចំនួន៥៨រូប ,ថ្នាក់អនុសេនីយ៍ទោចំនួន៣៧រូប ,ថ្នាក់អនុសេនីយ៍ត្រីចំនួន៥៣រូប និងថ្នាក់ព្រិន្ទបាលឯកចំនួន៣រូប ។ ដោយឡែកគ្រឿងឥស្សិរយយសរួមមាន មេដាយការងារមាសចំនួន១០ ,មេដាយការងារប្រាក់ចំនួន៤ និងមេដាយការងារសំរិទ្ធចំនួន៣ ។

ស្នងការនគរបាលខេត្ដកណ្ដាល ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរ សាកសួរសុខទុក្ខ និងថវិកាព្រមទាំងអាវយឺត របស់នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាល នៃទីបញ្ជាការដ្ឋានវរៈសេនាតូចការពារព្រំដែន គោកលេខ៦០៥សរុបចំនួន១៨៤រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងអាវយឺតចំនួន២ ។

ជាចុងក្រោយ លោកស្នងការបានថ្លែង កោតសរសើរដល់ការខិតខំប្រឹងប្រែងបំពេញការងារភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរនាពេលកន្លងមក ។ ថ្វីត្បិតតែការងារនេះជោគជ័យកន្លងមកក៏ពិតមែន ប៉ុន្ដែមន្រ្ដីនគរបាលទាំងអស់ត្រូវបន្ដខិតខំប្រឹងប្រែង បំពេញការងារភារកិច្ច នេះឲ្យកាន់តែល្អប្រសើរថែមទៀត ៕

ដោយ៖ ហេង សេងឡុង

Facebook Comments

To Top