អន្តរជាតិ

ប៉ូលិសវៀតណាម ចាប់ខ្លួនចោរប្លន់ធនាគារ បានលុយជិត ១៣ម៉ឺនដុល្លារ បានទាំងអស់

បរទេស៖ បុរសពីរនាក់ ដែលបានប្លន់ធនាគារមួយ នៅខេត្ត Khanh Hoa ហើយបានរត់គេចខ្លួន ជាមួយសាច់ប្រាក់ជិត ១៣០.០០០ដុល្លារនោះ គឺត្រូវបានប៉ូលីសឃាត់ខ្លួនបានហើយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ប៉ូលិសភាគកណ្តាល ខេត្ត Khanh Hoa បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Tran Hoang Nhat Tung អាយុ ៣៦ឆ្នាំ និង Dam Minh Quang អាយុ ៣០ឆ្នាំ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈពេលដែលជនសង្ស័យ កំពុងធ្វើដំណើរតាមម៉ូតូមួយ នៅតាមផ្លូវដដែលនៅឃុំ Ninh Hoat ដែលពួកគេ បានប្លន់សាខាធនាគារ Vietcombank។

ប៉ូលីសបាននិយាយថា Tung និង Quang គឺជាអ្នកស្រុករស់នៅខេត្ត Ninh Hoa ហើយពួកគេត្រូវបានគេតាមដាន ដោយផ្អែកលើរូបភាពពីក្នុងកាមេរ៉ាសុវត្ថិភាព នៅក្នុងធនាគារ។

ការស្វែងរកផ្ទះជនសង្ស័យ ប៉ូលិសបានរកឃើញកាំភ្លើងច្នៃ ដោយដៃចំនួនបួនដើម និងគ្រាប់កាំភ្លើងរាប់សិបគ្រាប់ ដែលជាគ្រាប់ដូចគ្នា ដែលគេរកឃើញនៅក្នុងធនាគារប្លន់។ ប៉ូលិសបាននិយាយថា ជនសង្ស័យទាំងពីរនាក់ បាននាំយកកាំភ្លើងចំនួន ៥ដើម មកជាមួយនៅពេល ដែលបានប្រព្រឹត្តអំពើប្លន់នោះ។

ពួកគេក៏រកបានប្រាក់ជាង ៣ពាន់លានដុង ឬច្រើនជាង ១២៨.០០០ដុល្លារអាម៉េរិក ដែលជាសាច់ប្រាក់ ដែលចោរប្លន់បានយកពីធនាគារ។ ប្រាក់សុទ្ធទាំងនេះ ត្រូវបានគេកប់នៅក្នុងផ្ទះ ដែលគេបោះបង់ចោលមួយ ដែលមិនឆ្ងាយពីផ្ទះរបស់ចោរប្លន់ម្នាក់។

ប៉ូលីសបាននិយាយថា ចោរប្លន់ម្នាក់ គឺជាអ្នកញៀនគ្រឿងញៀនថែមទៀតផង៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top