ព័ត៌មានជាតិ

ឈ្លោះគ្នាក្នុងវង់អាប៉ោង ចាក់ស្លាប់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចាក់ស្លាប់ ដោយកាំបិត បន្ទាប់ពីមានជម្លោះក្នុងវង់អាប៉ោង នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ។

ជនរងគ្រោះឈ្មោះយស់ ហៃសុម៉េង ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះរឿន ស៊ីធន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីអង្ករ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង២០និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យ បានមកចាក់អាប៉ោង រួចជនសង្ស័យ ចាក់ចាញ់លុយអស់៧ម៉ឺនរៀល ក៏សុំលុយ១ម៉ឺនរៀលវិញ តែមេអាប៉ោងពុំព្រមឲ្យ ជនសង្ស័យក៏ទះតុ ពេលនោះជនរងគ្រោះ ដែលកំពុងចាក់អាប៉ោងនៅទីនោះដែរ ក៏រុញជនសង្ស័យចេញ រួចក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏យកកូនកាំបិត ចុងស្រួចចាក់ ទៅលើជនរងគ្រោះ ចំក្រោមឃ្លៀកខាងឆ្វេងធ្លុះ ដល់បេះដូងដួលសន្លប់ទៅលើដី ពេលនោះក៏មានសមត្ថកិច្ច យើងចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកូនកាំបិត បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅធ្វើការ សាកសួរ។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ពេលទៅដល់គ្រូពេទ្យ ប្រាប់ថា ស្លាប់បាត់ហើយ៕ ដោយ៖ប៉ិច នរៈ

Facebook Comments

To Top