អន្តរជាតិ

ចិនចុះ MoU ជាមួយប្រទេស៣៧ នៅអាហ្វ្រិក សហភាពអាហ្វ្រិក លើគម្រោងអភិវឌ្ឍផ្លូវមួយ ខ្សែក្រវ៉ាត់មួយ

ប៉េកាំង៖ ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MOUs) ជាមួយបណ្តាប្រទេសអាហ្វ្រិក ចំនួន ៣៧ និងសហភាពអាហ្រ្វិក (សហភាពអាហ្រ្វិក) ក្នុងការរួមគ្នាអភិវឌ្ឍន៍ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ គិតមកដល់ថ្ងៃព្រហស្បតិ៍។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំនួននៃបណ្តាប្រទេសអាហ្រ្វិក ដែលបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ មានចំនួន ៧០ភាគរយ នៃប្រជាជាតិអាហ្វ្រិកទាំង ៥៣ប្រទេស ដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិកដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។ នេះបើយោងតាមសម្តីរបស់លោក Xia Qing មន្រ្តីផ្នែកគណៈកម្មាការអភិវឌ្ឍន៍ជាតិ និងកំណែទម្រង់ (NDRC) ។

លោក Xia ដែលជាអនុប្រធាន នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ របស់ NDRC បានកត់សម្គាល់ថា បណ្តាប្រទេសអាហ្វ្រិក និងសហភាពអាហ្រ្វិកចំនួន ២៨បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ ខណៈដែលប្រទេស ០៩ផ្សេងទៀត បានចុះហត្ថលេខា តាំងពីមុនកិច្ចប្រជុំកំពូលនេះមកម៉្លេះ។

យោងតាមលោក Xia គឺប្រទេសចិនមានបំណង ចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ហើយនឹងជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានលទ្ធផលជាក់ស្តែង និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនអាហ្វ្រិក។

រហូតមកដល់ពេលនេះ ប្រទេសចិនបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ចំនួន ១២៣ ស្តីពីការអភិវឌ្ឍគម្រោងនេះ ជាមួយប្រទេសចំនួន ១០៥ នៅអាស៊ី អាហ្វ្រិក អឺរ៉ុប ទ្វីបអាម៉េរិកឡាទីន និងតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងឯកសារចំនួន ២៦ ជាមួយអង្គការអន្តរជាតិ ២៩៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top