ព័ត៌មានជាតិ

ឃាតកម្ម វាយសម្លាប់ប្រពន្ធ ជិះម៉ូតូរត់គេច សមត្តកិច្ចក្របួចដាក់ខ្នោះជាប់

ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ និងនគរបាលស្រុកភ្នំក្រវាញ ចាប់ដាក់ខ្នោះដៃ នៅលើកំណាត់ ផ្លូវជាតិលេខ៥៥ នៅគ្រាដែលកំពុងព្យាយាម ជិះម៉ូតូរត់គេចខ្លួន បន្ទាប់ពីបុរសរូបនេះ វាយប្រពន្ធស្លាប់ដ៏រន្ធត់។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចក្បែក្រុមហ៊ុន (អឹមឌីអេស) ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចម្រុះ ចុះប្រតិបត្តិការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈន ឆេង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បុរសសង្ស័យរូបនេះ បានដាល់ប្រពន្ធចំថ្ពាល់ ខាងស្ដាំចំនួន ២ដៃ បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅគ្រាដែលជនរងគ្រោះ(ប្រពន្ធ) មានជំងឺលើសឈានផងនោះ។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យជាប្ដី ក្រោយធ្វើសកម្មភាព និងដឹងថា ប្រពន្ធរបស់ខ្លួនបានដាច់ខ្យល់ ស្លាប់ហើយនោះ មិនទទួលខុសត្រូវនោះឡើយ បានទាញម៉ូតូជិះរត់គេច ទុកកូនៗរញុង់ នៅអង្គុយមើលសព្វម្ដាយ យ៉ាងសង្វេគ ប៉ុន្តែបាបកម្មឈាមស្រែកស្បែកហៅ ត្រូវសមត្តកិច្ចក្របួចដាក់ខ្នោះដៃ ការដែលជនសង្ស័យផ្ទុះហិង្សា សហព័ន្ធមានស្ថានទម្ងន់ទោសនេះ កើតនៅពេលជនរងគ្រោះ(ពន្ធ) សុំទៅធ្វើការងារឲ្យគេ ដើម្បីរកកំរ៉ៃ ព្រោះលោកប្ដីដៃដល់ ក្លាយជាឃាតករូបនេះ គាត់មិនសូវចាប់អារម្មណ៍ រឿងរកលុយចិញ្ចឹមកូនប្រពន្ធនោះទេ គាត់ផឹកស៊ីស្រវឹងអួលទីនួល ស្ទើររាល់ថ្ងៃ ហើយបង្កហិង្សាក្នុងគ្រាស្រវឹងស្រា ឥតស្រាកស្រាននោះទេ។

ប្រភពដដែលបន្តទៀតថា សាកសពបានតម្កល់ នៅក្នុងខ្ទមដ៏កម្សត់ យ៉ាងអាណោចអាធ័មរបស់គាត់ រង់ចាំសមត្តកិច្ច ជំនាញចម្រុះ ចុះធ្វើកោសល្យវិច័យនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ចំណែកបុរសជាប្ដីសង្ស័យដៃដល់ បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូនបន្តទៅស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោយ៖ ប៉ឹម ពិន

To Top