ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក សោម សុធា ណែនាំឲ្យកងទ័ពកងពល៩៩ បើកបរត្រូវចេះទាំងច្បាប់ទម្លាប់ និងបច្ចេកទេសថែទាំរថយន្ត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សោម សុធា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋានប្រេងឥន្ធនៈ បានផ្តាំផ្ញើរនិងណែនាំដល់ នាយទាហាន និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ចំពោះការបើកបរ ត្រូវចេះទាំងច្បាប់ទម្លាប់ និងបច្ចេកទេសថែទាំរថយន្ត ជួសជុលរថយន្តធុនស្រាល។

ការផ្តាំផ្ញើរនិងណែនាំរបស់ឧត្តមសេនីយ៍ឯក សោម សុធា បែបនេះ បានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វែនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ នៅទីបញ្ជាការដ្ឋាន កងពលតូចដឹកជញ្ជូនលេខ៩៩ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។

បើតាមលោកឧត្តមសេនីយ៍ឯក សោម សុធា បានមានប្រសាសន៍ថា “ការបើកបរត្រូវចេះទាំងច្បាប់ទម្លាប់ និងបច្ចេកទេសថែទាំរថយន្ត។ ការថែទាំ និងជួសជុលរថយន្តធុនស្រាល ដើម្បីងាយស្រួលពេលយើងជួបបញ្ហា ខណៈដឹកទ័ព ស្រាប់តែម៉ាស៊ីនគាំងតាមផ្លូវ យើងអាចដោះស្រាយសភាពការណ៍បាន និងបន្តដំណើរទៅដល់គោលដៅ”។

ឧត្តមសេនីយ៍ឯក សោម សុធា បានផ្តាំផ្ញើរដល់នាយទាហាន និងពលទាហាន នៃកងពលតូចដឹកជញ្ជូនដែលទទួលការបំប៉នជំនាញបើកបររថយន្តនាពេលនេះ “ត្រូវយល់ឲ្យច្បាស់អំពីទ្រឹស្តីក្នុងការបើកបរ ទ្រឹស្តីក្នុងការច្បាប់ចរាចរណ៍ ត្រូវបង្កើនសមត្ថភាពក្នុងការសិក្សា ដើម្បីការដឹកជញ្ជូនកងទ័ព និងសម្ភារៈទ័ព កាន់តែមានប្រសិទ្ធិភាពខ្ពស់”។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានមានប្រសាសន៍ថា កងទ័ពដែលទទួលការហ្វឹកហ្វឺនបំប៉នសមត្ថភាពបើកបររថយន្តនាពេលនេះ គឺមានរយៈពេល៣ខែ ស្មើនឹង៩១ថ្ងៃ ក្នុងនោះការហ្វឹកហ្វឺនជាក់ស្តែងចំនួន៥២ថ្ងៃ ឈប់សម្រាកថ្ងៃបុណ្យ១១ថ្ងៃ ឈប់សម្រាកថ្ងៃសៅរ៍-អាទិត្យ ចំនួន២៦ថ្ងៃ និងថ្ងៃបើកវគ្គ បិទវគ្គចំនួន២ថ្ងៃ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្ថែមថា ការហ្វឹកហ្វឺនជាក់ស្តែង៥២ថ្ងៃ ក្នុងនោះរួមមានផ្នែកសុជីវធម៌ របស់អ្នកបើកបរ១ថ្ងៃ ផ្នែកទ្រឹស្តីច្បាប់ចរាចរណ៍៦ថ្ងៃ ផ្នែកថែទាំជួសជុលបឋម៨ថ្ងៃ ផ្នែកបើកបរដៃចង្កូត៣៤ថ្ងៃ និងប្រឡងទ្រឹស្តី ដៃចង្កូត ៣ថ្ងៃ៕

 

 

 

ដោយ៖ស៊ាន កុសល

Facebook Comments

To Top