អន្តរជាតិ

អង់គ្លេស​ រិះគន់គោលនយោបាយ សហរដ្ឋអាមេរិក​ នៅតំបន់មជ្ឈឹមបូព៌ា

ឡុងដ៌៖​ ចក្រភពអង់គ្លេស​ បានរិះគន់គោលនយោបាយ សហរដ្ឋអាមេរិក​ នៅតំបន់មជ្ឈឹមបូព៌ា​ និងបានប្រកាសថា​ ខ្លួនកំពុងបង្កើនចំណែកដល់ ការផ្តល់ជំនួយដល់ទីភ្នាក់ងារ ជំនួយរបស់អង្គការសហប្រជាជាតិ​ ដែលជួយដល់ប្រជាជនប៉ាឡេស្ទីន​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០១៨ ។

លោក Alistair Burt រដ្ឋមន្រ្តីអង់គ្លេស​ សម្រាប់កិច្ចការមជ្ឈិមបូព៌ា​ បានប្រាប់សមាជិកនៃសភាអង់គ្លេស​ថា​ រដ្ឋាភិបាលអង់គ្លេស​ មិនជឿថាសេចក្តីសម្រេច របស់សហរដ្ឋអាមេរិក​ ក្នុងការបោះបង់ការផ្តល់មូលនិធិ​ ទៅឱ្យភ្នាក់ងារជំនួយ​ និងការងាររបស់អង្គការ សហប្រជាជាតិ​ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន​ នៅជិតតំបន់មជ្ឈឹមបូព៌ា ដែលជួយដល់ប្រជាជនប៉ាឡេស្ទីន​ គឺត្រឹមត្រូវនោះទេ ។

កាលពីសប្តាហ៍មុនរដ្ឋាភិបាល សហរដ្ឋអាមេរិកដែលបានរួមចំណែក ប្រហែលមួយភាគបួននៃថវិកា របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិ​ ៩០០លានផោន (១,១៦១លានដុល្លារអាមេរិក) កាលពីឆ្នាំមុនបាននិយាយថា​ ខ្លួននឹងបញ្ឈប់ការរួមចំណែកខាងលើនេះ ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top