X

សម្តេច ពិជ័យសេនា ទៀ បាញ់ថា ការតែងតាំង ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោកគឺសក្តិសមបំផុត ហើយ កងទ័ពទាំងអស់ពេញចិត្ត និងគាំទ្រ

ភ្នំពេញ: សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិ អះអាងថា ការតែងតាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមពីលើមុខងារ បច្ចុប្បន្ននេះ គឺសក្តិសមបំផុត ហើយ កងទ័ពទាំងអស់ពេញចិត្ត និងគាំទ្រ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា “កងទ័ពទាំងអស់ បានយល់ជ្រួលជ្រាប និងមានការគាំទ្រពេញទំហឹង ចំពោះការតែងតាំង លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក ព្រោះថា នាយឧត្តមសេនីយ៍ឯករូបនេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលត្រូវលើការដឹកនាំកងទ័ព កន្លងមកមានស្នាដៃជាច្រើន ដែលនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើប្រកបដោយភាពជោគជ័យ”។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញាបានចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់តែងតាំងមុខងារ និង ដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានជាន់ខ្ពស់ ចំនួន៣រូប ។

នាយទាហានជាន់ខ្ពស់ទាំង៣រូប ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ តែងតាំងរួមមាន៖ លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ និង ដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ , លោក ឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្តរស័ក្តិ ថ្នាក់បន្ថែមលើមុខងារបច្ចុប្បន្ន និង លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការ កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

នៅក្នុងពិធីផ្សព្វផ្សាយ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ បំពាក់ឋានន្តរស័ក្តិ និងតែងតាំង មុខងារអគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និងមេបញ្ជាការ កងទ័ពជើងគោក ក្នុងជួរកងយោធពលខេមរៈភូមិន្ទ ដែលបានធ្វើនៅវិមានសន្តិភាព សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ ថា ការផ្លាស់ប្តូ និង ដំឡើងឋានន្តរស័ក្តិ ដល់នាយទាហាន ជាន់ខ្ពស់នៅពេលនេះ គឺ ដើម្បីបង្កើនប្រសិទ្ធភាពការងារដឹកនាំ ក្នុងជួរកងទ័ព ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព ជាពិសេសគឺជ្រើសរើស មេដឹកនាំកងទ័ព ដែលជាក្បាលម៉ាស៊ីនបញ្ជា ដែលមានភាពជាក់លាក់ និងមានសមត្ថភាពពិតប្រាកដ ។

សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិអះអាងថា រឿងផ្លាស់ប្តូរមុខងារ តួនាទីនេះ មិនមានអ្វីចំលែកនោះទេ គឺមានការផ្លាស់ប្តូរបែបនេះ ជាបន្តបន្ទាប់ នៅតាមអង្គភាពផ្សេងៗទៀត៕

ដោយ៖ ហង្សទេព

Facebook Comments