នយោបាយ

សម្ដេចតេជោ ៖ លោក គាត ឈន់ និងលោក ចាន់ សារុន មានបញ្ហាសុខភាព ទើបមិនមានឈ្មោះ ជាសមាជិក រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចមិន ឱបក្រសោប មន្ត្រីរាជរដ្ឋាភិបាល ដែលចាស់ជរា មានបញ្ហាសុខភាព ធ្វើការងារមិនកើតនោះទេ គឺគ្រាន់តែផ្លាស់ប្ដូរទៅកន្លែងការងារ មិនសូវមមាញឹក ដើម្បីឲ្យពួកគាត់មានពេលវេលាសម្រាក ថែទាំសុខភាព ជាក់ស្តែង ដូចករណីលោក គាត ឈន់ អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក ចាន់ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ដោយ ពួកគាត់មានបញ្ហាសុខភាព និងចាស់ជរាទើបពុំមានឈ្មោះ ក្នុងបញ្ជីជាសមាជិក រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិថ្មីទី៦ ដែល ប្រព្រឹត្តទៅនៅវិមានសន្តិភាព នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា ចំពោះបណ្ដារដ្ឋមន្ត្រីតាមស្ថាប័ន គឺកាន់តំណែង និងបន្តការងារដដែល គ្មានការផ្លាស់ប្ដូរឡើយ ។

សម្ដេចតេជោបញ្ជាក់ថា “មិនមែនបានសេចក្ដីថា ខ្ញុំឱបក្រសោបមន្ត្រីដែលធ្វើការមិនកើត ហើយសុខភាពទ្រុឌទ្រោមនៅតែបន្តប្រើទេ ដូចជាករណីបង គាត ឈន់ មិនអាចបង្ខំឲ្យគាត់ ធ្វើតទៅទៀតបានទេ ត្រូវយោគយល់ដល់គាត់ ។ បង ចាន់ សារុន សុខភាពរបស់គាត់ បានស្ដារឡើងបន្តិចមែន ប៉ុន្តែនៅទន់ខ្សោយណាស់ អីចឹងសមហេតុសមផល ដើម្បីអង្គុយក្នុងសភា” ។

សម្ដេចបន្ថែមថា បញ្ហាសំខាន់ក្នុងការកែទម្រង់ មិនសំខាន់លើការដូរមនុស្ស គឺសំខាន់ត្រង់ថា មនុស្សដដែលតែឲ្យចេះធ្វើការងារ តាមពិសោធន៍របស់សម្ដេច គឺដួលត្រង់កន្លែងណា ត្រូវងើបឈរកន្លែងនោះវិញ ។

សម្ដេចបន្តថា ជាទម្លាប់របស់សម្ដេច សូម្បីតែកូន និងចៅ បើដើរទៅមុខ ហើយដួល សម្ដេចមិនដែលទៅលើកទេ គឺឲ្យប្រឹងងើបឡើងខ្លួនឯង ។ បើសិនជាដួលទៅលើកៗ ថ្ងៃក្រោយច្បាស់ជាអង្គុយមិនព្រមងើបឡើយ ។

សម្ដេចគូសបញ្ជាក់ថា សម្ដេចចង់ទុកឲ្យរដ្ឋមន្ត្រីនានា ដែលធ្វើការងារល្អហើយ ត្រូវធ្វើការ ឲ្យកាន់តែល្អថែមទៀត ហើយការងារធ្វើមិនទាន់ល្អ ត្រូវខឹតខំធ្វើឲ្យល្អនៅក្នុងអាណត្តិថ្មីនេះ ។

សម្ដេចតេជោថ្លែងថា ត្រូវគិតថា មិនមែនគ្មានការកែសម្រួល រាជរដ្ឋាភិបាលនៅពេល ខាងមុខនោះទេ នៅពេលណាដែលមានការចាំបាច់ នឹងការកែសម្រួល នៅពាក់កណ្ដាល អាណត្តិ ឬក្នុងពេលវេលាសមស្របណាមួយ ដើម្បីធានាថា នឹងបន្តដំណើរក្នុងស្ថានភាព មួយខ្លាំង ។

សម្ដេចថ្លែងបន្តថា ដូច្នេះស្ថានភាពចម្រុះរវាងអ្នកចាស់ទុំមានបទពិសោធន៍ និងដាក់ក្មេងជំនាន់ ក្រោយមកនៅជាមួយ គឺជារឿងចាំបាច់នៅពេលដែលអ្នកចាស់ទុំបានចាកចេញទៅ គឺអ្នកជំនាន់ក្រោយជាអ្នកបន្តវេន ៕

ដោយ៖ខាដា

Facebook Comments

To Top