នយោបាយ

សម្ដេចតេជោ៖ កំណែទម្រង់មិនសំខាន់ លើដូរមនុស្ស គឺសំខាន់លើប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការលើកឡើងថា ហេតុអ្វីគ្មានការដោះដូរ រដ្ឋមន្រ្តីណាមួយសោះ នៅអាណត្តិទី៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាណត្តិទី៦នេះ គ្មានការដោះដូររដ្ឋមន្ត្រីណាមួយ គឺដោយការកែទម្រង់មិនសំខាន់លើ ការដោះដូរមនុស្សនោះទេ គឺសំខាន់ទៅលើប្រសិទ្ធភាព ការងារទៅវិញទេ ។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា លើកនេះពុំមានដូររដ្ឋមន្រ្តីណាមួយ ទាល់តែសោះ តើមូលហេតុអ្វី ? គេថាកំណែទម្រង់ ទាល់តែដូរមនុស្ស ។

សម្ដេចបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា បើកែទម្រង់ហើយដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ ។ ការកែទម្រង់សំខាន់លើប្រសិទ្ធភាពការងារ មិនសំខាន់លើការដោះដូរ មនុស្សនោះទេ ។ ខ្ញុំមិនខ្វល់ទេ សំខាន់ប្រសិទ្ធភាពការងារ។ ខ្ញុំសួរ កាញារីទ្ធ ម្សិលមិញស្រាអ្វីដែលឆ្ងាញ់ ។ គេថាស្រាឆ្ងាញ់ទាល់តែស្រាចាស់” ។

សម្ដេចតេជោបន្ថែមថា ធ្វើនយោបាយបើធ្វើគ្រាន់តែ ដោះដូរមនុស្ស គណបក្សនយោបាយមួយនោះ នឹងស្លាប់ហើយមេដឹកនាំ នយោបាយមួយនោះនឹងស្លាប់ ។ រក្សាចាស់បង្កើនថ្មីនេះហើយ ជាទម្លាប់របស់ ហ៊ុន សែន ។ តើសមិទ្ធផលដែលទទួលបាន កន្លងមកតើបានមកពី ហ៊ុន សែន ម្នាក់ឯងឬ បានមកពីរាជរដ្ឋាភិបាលទាំងមូល? បើគ្មានការចូលរួមពី សមាជិករាជរដ្ឋាភិបាលមិនអាច ជោគជ័យបាននោះទេ ។ ហេតុអ្វីបានជាប្រជាជនគូសបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា? ដោយសារពួកគាត់ឃើញ ប្រសិទ្ធភាពការងាររបស់ គណបក្សប្រជាជនកម្ពុជា ៕

ដោយ៖ ខា ដា

Facebook Comments

To Top