ព័ត៌មានជាតិ

សង្ស័យលាភសក្ការៈ ទើបអាជ្ញាធរ មើលមិនឃើញ រណ្តៅដី លោក ម៉ៅ សុផលជីកជម្រៅ ដល់ក្បាលប្រេត បង្កការភ័យខ្លាច ដល់ពលរដ្ឋ និង បាត់សួយសាអារក ចូលរដ្ឋ

កណ្តាល ៖ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល កំពុងតែមានការ បារម្ភពីគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាបាក់ដីស្រែចំការ ចូលទៅក្នុងរណ្តៅដីដ៏ធំ ជម្រៅជីកស្ទើ តែដល់ក្បាលប្រេតទៅហើយ ដែលជារបស់លោក ម៉ៅ សុផល កំពុងធ្វើអាជីវកម្មជីកទាំងថ្ងៃ ទាំងយប់ ហើយករណីនេះ អាជ្ញាធរហាក់មើលមិនឃើញ ធ្វើមិនដឹងមិនឭ ខណៈមានការសង្ស័យថា អាចនិងពាក់ព័ន្ធនិងលាភសក្ការៈ របស់អាជ្ញាធរ ថ្នាក់ក្រោម ទើបមិនរាយការណ៍ទៅថ្នាក់លើ។

បើតាមអ្នកភូមិគោកព្រីង បានរៀបរាប់ថា រណ្តៅដីរបស់លោក ម៉ៅ សុផលនេះ បានធ្វើ អាជីវកម្ម ជីកកាយដី និងបូមខ្សាច់ លក់បួនប្រាំឆ្នាំមកហើយ ដែលដំបូងឡើយជីកយកអាចម៍ដី រហូតដល់ខ្សាច់ ហើយក្រោយពីបូមខ្សាច់យកអស់ ដល់ស្រទាប់ថ្ម ល៏ជីកយកទាំងថ្ម ទៀត ជ្រកក្រោមស្លាកអាជីវកម្មទឹកស្អាត និងមានទំហំធំ ហើយជម្រៅមិនក្រោមជាង ៣០ម៉ែត្រ នោះទេ។

រណ្តៅដីនេះ បានជីកនៅក្បែរស្រែ របស់អ្នកភូមិ ដែលបានបង្កការប៉ះពាល់ដល់ ផលដំណាំ ទាំងមូល ធ្វើឲ្យដីស្រែរីងទឹក ហូរច្រោះចូលក្នុងរណ្តៅដី ហើយអ្វីដែលជាការបារម្ភទៀតនោះ គឺការបាក់ដីស្រែចូលទៅក្នុងរណ្តៅដីដ៏ជ្រៅមួយនេះ។

ក្រៅតែពីក្តីបារម្ភ ចំពោះការបាត់បង់ដីស្រែ អ្នកភូមិក៏មានការបារម្ភ ចំពោះសុវត្ថិភាពតាមដងផ្លូវ ផងដែរ ខណៈដែលក្រុមអ្នកបើក រថយន្តដឹកដីទាំងនោះ បើកលឿន ដោយមិនខ្វាយខ្វល់ អំពីសុវត្ថិភាពអ្នកធ្វើដំណើរ ជាក់ស្តែងកន្លងបានបង្កគ្រោះថ្នាក់កិនក្មេង ស្លាប់ម្តងរួចមកហើយ ទាំងអស់នេះបានធ្វើឲ្យប្រជាពលករដ្ឋអំពាវនាវ និងសំណូមពរដល់អាជ្ញាធរ មេត្តាជួយរក ដំណោះស្រាយជូនពួកគាត់ តាមរយការចុះ មកត្រួតពិនិត្យ កុំចេះតែបណ្តែតបណ្តោយ យ៉ាងដូច្នេះ។

បើតាមមន្ត្រីសាលាស្រុកកណ្តាលស្ទឹងម្នាក់ ក្នុងល័ក្ខខណ្ឌសុំមិនឱ្យបញ្ចេញឈ្មោះ បានឲ្យដឹង ថា ក្រុមហ៊ុនរបស់លោក ម៉ៅ សុផល និងបានធ្វើអាជីកម្មជីក កាយដី បូមខ្សាច់ នៅរណ្តៅនោះ បួនប្រាំឆ្នាំមកហើយ ក្រោមលេសស្តារសម្រាប់ធ្វើអាងស្តុកទឹក ហើយរណ្តៅដីនោះគឺ ពិតជាធំ និងជ្រៅមែន។

យ៉ាងណាក៏ដោយចំពោះករណីនេះ ក៏មានប្រភពមួយបានបង្ហើបឲ្យដឹង ការធ្វើមិនដឹងមិនឮ របស់ អាជ្ញាធរ មូលដ្ឋាន និងអាជ្ញាធរថ្នាក់ក្រោម គឺអាចនិងពាក់ព័ន្ធចំពោះលាភសក្ការៈ ហើយអ្វីដែលជាការខាតបង់នោះ គឺបាត់បង់ចំណូលសួយសារអារកចូលរដ្ឋ ក្នុង១ឆ្នាំៗ រាប់លានដុល្លារ ។ ហើយអ្វីដែលជាការបារម្ភនោះដែរ គឺអ្នកបើកបរថយន្តដឹកដីទាំងនោះ បើកបរលឿន ប្រកួតប្រជែងគ្នាតាមដងផ្លូវ ដោយមិនខ្វល់អំពីសុវត្ថិភាពអ្នកធ្វើដំណើរ ។

យ៉ាងណាក៏ដោយក៏ដឹកដីតាមរយៈរថយន្តធុនធំ ដែលគ្មាបច្ចេកទេស នេះ កន្លងមកក៏បាន បង្កបញ្ហាជាច្រើនផងដែរ ដូចជាធ្វើឲ្យខូចខាតផ្លូវ យ៉ាងធ្ងន់ធ្ងរ ឯស្ពានមួយចំនួនទៀត ក៏រងការ ទ្រុឌ ទ្រោមផងដែរ ហើយខ្លះទៀតគឺស្រុតតែម្តង ដែលបណ្តាលមកពីក្រុម រថយន្តដឹកដី ទាំងនេះ ហើយអ្វីដែលខាតបង់ធ្ងន់ធ្ងរទៀតនោះ គឺថវិការដ្ឋមួយចំនួនត្រូវបានយកទៅចំណាយ លើការជួសជុលផ្លូវ និងស្ពាន ខណៈដែលមិនបានទទួលផល ប្រយោជន៍ពីត្រឡប់មក វិញពីការដឹកដីនេះទេ។

ចំពោះករណីនេះដែរ លោក យឹន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានអះអាងថា លោកបានឲ្យក្រុមការងាររៀបចំកម្លាំង ដើម្បីចុះទៅធ្វើការត្រួតពិនិត្យ នៅសប្តាហ៍ក្រោយនេះ ហើយ។

ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសុំការបំភ្លឺពីលោក ម៉ៅ សុផល ដែលជាម្ចាស់អាជីវកម្មជីករណ្តៅដីនេះ ពាក់ព័ន្ធនិងបច្ចេកទេស ក៏ដូចជាច្បាប់ អាជីវកម្មផ្សេងៗ ប៉ុន្តែមិនអាចសុំការបំភ្លឺបាននោះទេ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ៕

ដោយ ៖ ស៊ាន កុសល

 

Facebook Comments

To Top