នយោបាយ

នាយករដ្ឋមន្រ្តី នីតិកាលទី៦ ៖ បើកែទម្រង់ ដូរមនុស្ស មិនខុសពីការ សម្លាប់ខ្លួននោះទេ

ភ្នំពេញ ៖ ក្រោយពីបានបង្កើត ក្បាលម៉ាស៊ីន និងរាជរដ្ឋាភិបាល កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៧ កញ្ញា នេះ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ជាលើកដំបូង ក្រោម វត្តមាន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីថ្មី ដែលក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានឡើង ជានាយករដ្ឋមន្រ្តី សម្តេចតេជោ បានថ្លែងថា បើកែទម្រង់ដូរមនុស្ស មិនខុសពីការសម្លាប់ ខ្លួននោះទេ ខណៈសមាសភាព ក្នុងជួររាជរដ្ឋាភិបាល ពុំបានដូរមន្រ្តីណាមួយនោះទេ គឺបណ្តា រដ្ឋមន្រ្តីនៅតាមក្រសួង នីមួយៗរក្សាទុកដដែល។

សមាសភាពសមាជិក រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានបង្ហាញជាផ្លូវការ ហើយក្រោយ ពីរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅថ្ងៃទី៦ កញ្ញា។ ក្នុងអាណត្តិទី៦នេះ សមាជិក រាជរដ្ឋាភិបាលមានចំនួន៤៦ រូប ក្នុងនោះមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី១រូប ឋានៈជាឧបនាយករដ្ឋមន្រ្តីចំនួន១០រូប ក្នុងនោះទើបតែងតាំងថ្មីចំនួន៣រូប , ឋានៈជាទេស រដ្ឋមន្រ្តីចំនួន១៧រូប ទើបតែងតាំងថ្មីចំនួន៤រូប, ឋានៈរដ្ឋមន្រ្តីចំនួន១៨រូប។

ក្នុងកិច្ចគណៈរដ្ឋមន្រ្តីលើកដំបូងនេះ សម្តេចតេជោបានថ្លែងថា លើកនេះពុំមានដូររដ្ឋមន្រ្តីណា មួយទាល់តែសោះ តើមូលហេតុអ្វី ? គេថាកំណែទម្រង់ទាល់តែដូរមនុស្ស?

តែសម្តេចបន្តថា “ខ្ញុំសូមបញ្ជាក់ថា បើកែទម្រង់ហើយដូរមនុស្សមិនខុស ពីការសម្លាប់ខ្លួន នោះទេ។ ការកែទម្រង់សំខាន់លើប្រសិទ្ធភាព ការងារ មិនសំខាន់លើការដោះដូរមនុស្សនោះ ទេ។ ខ្ញុំមិនខ្វល់ទេ សំខាន់ប្រសិទ្ធភាពការងារ។ ខ្ញុំសួរ កាញារីទ្ធ ម្សិលមិញស្រាអ្វីដែលឆ្ងាញ់ ។ គេថាស្រាឆ្ងាញ់ទាល់តែស្រាចាស់”។

សម្តេចតេជោអះអាងថា ធ្វើនយោបាយ បើធ្វើគ្រាន់តែដោះដូរមនុស្ស គឺគណបក្សនយោបាយ មួយនោះ នឹងស្លាប់ហើយ មេដឹកនាំនយោបាយមួយនោះនឹងស្លាប់។រក្សាចាស់បង្កើនថ្មី នេះហើយជាទម្លាប់របស់ហ៊ុន សែន ។

នាយករដ្ឋមន្រ្តីថ្មីបានថ្លែងទៀតថា បើគ្មានការចូលរួមពីសមាជិករាជរដ្ឋាភិបាល មិនអាចជោគ ជ័យ បាននោះទេ។ ហេតុអ្វីបានជាប្រជាជន គូសបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា? ដោយសារពួកគាត់ឃើញប្រសិទ្ធភាព ការងាររបស់គណបក្សប្រជាជនកម្ពុជា។

ពាក់ព័ន្ធអ្នកមិនបោះឆ្នោត ឲ្យបក្សប្រជាជន សម្តេចបានសង្កត់ធ្ងន់ថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះអ្នកមិនបោះឲ្យគណបក្សប្រជាជន ព្រោះអ្នកទាំងនេះប្រឆាំងផ្កាប់មុខ ទោះស្លាប់ក៏មិន បោះឆ្នោតឲ្យគណបក្សប្រជាជនដែរ”៕

Facebook Comments

To Top