ព័ត៌មានជាតិ

តន្ដ្រីសប្បុរសធម៌ តូយ៉ូតា-ក្លាស៊ិក ដើម្បីជួយពេទ្យគន្ធបុប្ឋា និង កុមារអង្គរ នឹងធ្វើដើមខែវិច្ឆិកា

ភ្នំពេញ ៖ ការប្រគំតន្ដ្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក របស់ក្រុមហ៊ុនតូយ៉ូតា-ខេមបូឌា នឹងរៀបចំ ជាលើកទី៦ នៅកម្ពុជា នាថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះហើយ ដើម្បីបន្ដបេសកកម្មស្វែង រកមូល និធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និងមន្ទីរពេទ្យកុមារអង្គរ-ខេត្តសៀមរាប ។ នេះបើយោងតាមការប្រកាស ក្នុងសន្និសីទសារព័ត៌ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោមវត្តមាន លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា-ខេមបូឌា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកឧកញ៉ា គង់ នួន មានប្រសាសន៍ថា នេះគឺជាលើកទី២៩ នៃព្រឹត្តិការណ៍ប្រគំតន្ដ្រី សប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក របស់ក្រុមហ៊ុន តែវាគឺជាលើកទី៦ ដែលត្រូវបានរៀបចំព្រឹត្តិ ការណ៍ នេះនៅកម្ពុជា ។ លោកមានមោទនៈភាពជាខ្លាំង ដែលការរៀបចំប៉ុន្មានឆ្នាំកន្លង មកទទួលបានជោគជ័យ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលជំរុញឲ្យក្រុមហ៊ុនទទួល បាននូវ មូលនិធិមួយចំនួនធំ តាមរយៈការលក់សំបុត្រ និងការឧបបត្ថម្ភបន្ថែមពីក្រុមហ៊ុន សម្រាប់ បរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និងមន្ទីរពេទ្យកុមារអង្គរជាដើម ។

ចំពោះការរៀបចំឆ្នាំនេះ នឹងមានការចូលរួមពីក្រុមតន្ដ្រីដ៏ល្បីមួយមកពីអង់គ្លេស គឺក្រុម Orchestra Of The Age Of Enlightenment ក្រោមការដឹកនាំរបស់លោក Steven Devine ។ លើសពីនេះ ក៏នឹងមានការចូលរួមសម្ដែងនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ គឺចាប៉ីដងវែង ពីសំណាក់ក្រុមតន្ដ្រីបុរាណ និងតារាចម្រៀងរូបស្រស់កញ្ញា  ចម្រើន សុភ័ក្ដ្រ ដែលនឹងលើក យកបទចម្រៀង ២បទ ដើម្បីឆ្លុះបញ្ចាំងពីប្រទេសកម្ពុជា និងប្រពៃណីជាតិផងដែរ រួមមានបទ “ឱ! ផ្ទៃស្រុកខ្មែរ” និងបទ “សារកាកែវអើយ” ។

លោកបន្ដថា ព្រឹត្តិការណ៍នេះ បានធ្វើនៅកម្ពុជាដំបូង ក្នុងឆ្នាំ២០១៣ ហើយគិតត្រឹមឆ្នាំ២០១៧  ថវិកាទទួលបានពីការលក់សំបុត្រ និងការឧបត្ថម្ភស្មើនឹង ១៦៦,២០១ដុល្លារ ។ ឯការប្រគំតន្ដ្រីឆ្នាំនេះ តាមគម្រោងនឹងមានការចូលរួមសម្ដែងពីបណ្ដាប្រទេសចំនួន ៧ ក្នុងតំបន់ ដូចជាប្រ៊ុយណេ ថៃ ឡាវ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងម្ចាស់ផ្ទះកម្ពុជា ហើយរាល់ថវិកាទទួលបានពីការលក់សំបុត្រ និងការឧបត្ថម្ភ ក្រុមហ៊ុននឹងបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ឋា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកដល់កុមារ ដែលកំពុងខ្វះខាត ទាំងអស់ ។

ទន្ទឹមជាមួយគ្នាកញ្ញា ចម្រើន សុភ័ក្ដ្រ ក៏បានសម្ដែងនូវការសប្បាយចិត្ត ក្នុងនាមសិល្បការិនី កម្ពុជា ដែលបានចូលរួមកម្មវិធីប្រគំ តន្ដ្រីលក្ខណៈអន្ដរជាតិដ៏ធំនេះផងដែរ ។ កញ្ញាបន្ដថា សម្រាប់ក្រុមតន្ដ្រីរបស់ខ្លួន កញ្ញា នឹងលើកនូវបទចម្រៀង ដែលប្រគំភ្លេងដោយឧបករណ៍ តន្ដ្រីខ្មែរ គឺមានស្គរ និងចាប៉ីដងវែង ដើម្បីបង្ហាញជូនភ្ញៀវជាតិ និងអន្ដរជាតិបានសណ្ដាប់ ។ កញ្ញជឿជាក់ថា នឹងមានការគាំទ្រច្រើន តាមរយៈការសម្ដែងដោយឧបករណ៍ ចាប៉ីដងវែង ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិពិភពលោកនេះ ។

សូមបញ្ជាក់ថា ការប្រគំតន្ដ្រីលក្ខណៈអន្ដរជាតិនេះ នឹងធ្វើឡើងនៅសាលសន្និសីទចតុមុខ នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ខណៈសំបុត្រចូលរួមទស្សនា គ្រោងនឹងដាក់ចាប់ពីថ្ងៃទី១០ ខែកញ្ញាខាងមុខ នៅគ្រប់សាខារបស់ក្រុមហ៊ុនតូយ៉ូតា ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃ ៣៥ដុល្លារក្នុង ១សន្លឹក ៕

ដោយ៖ លី សង្ហារ

 

Facebook Comments

To Top