ព័ត៌មានជាតិ

កម្ពុជា ចំណាយប្រាក់ ៣០លានដុល្លារ ក្នុង១ឆ្នាំ លើការនាំចូលសូត្រ

ភ្នំពេញ៖ កម្ពុជាត្រូវចំណាយ ទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ ក្នុង១ឆ្នាំៗ លើការទិញសូត្របរិមាណជាង ៤០០តោនពីក្រៅប្រទេស

លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអ្នកផ្តួចផ្តើមបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវសូត្រ នៅកម្ពុជាលើកឡើងថា វិស័យផលិតសូត្រនៅកម្ពុជា មានសក្តានុពលច្រើននាពេលនេះ ខណៈដែលបច្ចុប្បន្នកម្ពុជា អាចផលិតបានត្រឹមតែ ១% នៃតំរូវការទីផ្សារសរុប ។

ការផលិតសូត្រទទួលបាន ប្រាក់ចំណូលខ្ពស់បើធៀបនឹង ការប្រកបរបរកសិកម្មមួយចំនួន ។ ក្នុងនោះ ការផលិតសូត្រគឺទទួល បានប្រាក់ចំណូល ចន្លោះពី ៣ពាន់ដុល្លារទៅ ៥ពាន់ដុល្លារក្នុង១ឆ្នាំ លើផ្ទៃដីដាំស្លឹកមន ១ហិកតា ។

តាមរយៈការបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវផលិតផលសូត្រ ជាលើកដំបូងនៅកម្ពុជា រំពឹងថា កម្ពុជានឹងអាចផលិតសូត្រ បានសម្រាប់បំពេញតំរូវការ ក្នុងប្រទេសក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ មុននឹងការផលិតដើម្បីនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ។

យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានបង្ហាញថា ការផលិតវត្ថុធាតុដើម ពីសរសៃសូត្រក្នុង១ឆ្នាំ ក្នុងពិភពលោកគិតជាមធ្យម មានបរិមាណ ៨ម៉ឺនតោន ក្នុងនោះការផលិតនៅប្រទេសចិន មានចំណែកដល់ទៅជាង ៧០% នៃការផលិតសរុបទូទាំងពិភពលោក ៕

ដោយ៖ នាង សួគ៌

To Top