នយោបាយ

សមាសភាពរដ្ឋសភា និងរាជរដ្ឋាភិបាល លេចចេញជារូបរាងហើយ

ភ្នំពេញ៖ សមាភាពរាជរដ្ឋាភិបាល និងរដ្ឋសភា បានលេចចេញជារូបរាងហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីសភាបានបោះឆ្នោត ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋ ប្រធាន អនុប្រធានរដ្ឋសភា, ប្រធាន អនុប្រធានគណៈកម្មាធិការ ជំនាញនៃរដ្ឋសភា ហើយក៏បានផ្តល់សេចក្តីទុកចិត្ត ចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល អាណត្តិថ្មីផងដែរ ។

ភ្លាមៗបន្ទាប់ពីប្រកាស បង្កើតសមាសភាពទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី អតីតគណបក្សសង្រ្គោះជាតិ (CNRP) បានចេញសេចក្តីថ្លែងការណ៍ បដិសេធមិនទទួលស្គាល់ទេ ដោយអះអាងថា រដ្ឋសភាឯកបក្សនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈ ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ប៉ុន្តែអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាដែលគ្រប់គ្រងអាសនៈទាំង ១២៥ក្នុងសភា លោក សុខ ឥសាន បានថ្លែងថា មិនចាប់អារម្មណ៍ឡើយ ។

សម្រាប់សមាសភាពក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភាអាណត្តិទី៦ ត្រូវបានរដ្ឋសភាអនុម័ត បោះឆ្នោតឲ្យ សម្ដេច ហេង សំរិន ជាប់ជាប្រធាន លោក ងួន ញ៉ិល អនុប្រធានទី១ និងលោកស្រី ឃួន សុដារី អនុប្រធានទី២ ។

សម្រាប់សមាសភាព ប្រធានគណៈកម្មការជំនាញទាំង ១០នៃរដ្ឋសភាវិញរួមមាន៖

ទី១.លោក ប៉ា សុជាតិ វង្សប្រធានគណៈកម្មការទី១ រដ្ឋសភា
ទី២. លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២
ទី៣. លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣
ទី៤. លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤
ទី៥.លោក ឈាង វុន ប្រធានគណៈកម្មការទី៥
ទី៦. លោក ប៉ែន បញ្ជា ប្រធានគណៈកម្មការទី៦
. ទី៧. លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧
ទី៨ . លោកស្រីឡោក ខេង ប្រធានគណៈកម្មការទី៨
ទី៩ លោកស្រីនិន សុផុន ប្រធានគណៈកម្មការទី៩
ទី១០ លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០

ចំណែក សមាសភាព រាជរដ្ឋាភិបាលអាណត្តិទី៦ វិញសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៦រូប និងរដ្ឋមន្រ្តី២៩រូប ក្នុងនោះមាន ឧបនាយករដ្ឋមន្ត្រីថ្មី ៣រូបគឺ លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា និងទេសរដ្ឋមន្ត្រីថ្មី ៤រូប លោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា និងលោក អូស្មាន ហាស្សាន់ ។

សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាថ្មី បានប្ដេជ្ញាចិត្ត នឹងខិតខំគ្រប់សកម្មភាព ដើម្បីបំពេញភារកិច្ចតួនាទី ការពារផលប្រយោជន៍ជន រួមជាតិទូទៅដែលជាម្ចាស់ឆ្នោត ។

សម្ដេច ហេង សំរិន បានប្រកាសជាឱឡារិកថា “ដោយឈរលើមូដ្ឋាន រដ្ឋធម្មនុញ្ញរបស់ជាតិ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ព្រមទាំងគោលការណ៍ច្បាប់នានា ជាមូលដ្ឋាន នឹងខិតខំគ្រប់សកម្មភាព បំពេញភារកិច្ចលើកកម្ពស់តួនាទី និងការពារផលប្រយោជន៍ ជនរួមជាតិទូទៅជាម្ចាស់ឆ្នោត” ។

ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្រ្តី នៅនីតិកាលទី៦នេះ ក៏បានប្ដេជ្ញាចិត្តដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ ដើម្បីធានាអនុវត្តឲ្យបាន សម្រេចជោគជ័យនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដែលបាន សន្យាដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សគ្រប់គ្រងរាជរដ្ឋាភិបាល នាពេលបោះឆ្នោតកន្លងទៅ ។

ការជ្រើសរើសសមាជិកសភាអាណត្តិទី៦ថ្មី និងសមាជិករាជរដ្ឋាភិបាលនេះ បន្ទាប់ពីរដ្ឋសភាបានបើក សម័យប្រជុំលើកដំបូង កាលពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីប្រកាសសុពលភាព សមាជិករដ្ឋសភាទាំងអស់១២៥រូប ក្រោមធិបតីភាព ព្រះករុណាសម្តេច ព្រះបាទ នរោត្តម បរមនាថ សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

សម្ដេចតេជោមានប្រសាសន៍ថា “ក្នុងនាមនៃប្រមុខរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ខ្ញុំក៏សូមសន្យានឹង ធ្វើការប្ដេជ្ញាជាឱឡារឹក ចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនកាលបោះឆ្នោត ហើយទើបបានដាក់ជូនរដ្ឋសភា បណ្ដុះបណ្ដាលនាពេលនេះ” ។

សម្ដេចបន្ដថា ជាពិសេសយកចិត្តទុកដាក់ នូវវិធានការជាក់ស្ដែង ជាអាទិភាពទាំង៤ ដែលត្រូវអនុវត្តនៅឆ្នាំ២០១៩ ខាងមុខ រួមមាន ,ទី១- បន្ដបង្កើនប្រាក់ឈ្នូលកម្មករ និងរៀបចំបើកប្រាក់ឈ្នូលក្នុង រយៈពេល ២សប្ដាហ៍ម្ដង ,ទី២-បន្ដបង្កើនប្រាក់បៀវត្ស និងប្រាក់សោធនិវត្តន៍ជូនមន្ដ្រីរាជការ ក្នុងរយៈពេល២សប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ ,ទី៣-បញ្ចុះតម្លៃអគិ្គសនី និងទី៤- ដាក់ឲ្យអនុវត្តកម្មវិធី គោលនយោបាយគាំពារសង្គម ។

ក្នុងនាមរាជរដ្ឋាភិបាលថ្មី សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅ ដល់ពលរដ្ឋខ្មែរគ្រប់រូប និងអ្នកពាក់ព័ន្ធត្រូវចូលរួម អនុវត្តកម្មវិធីនយោបាយ ឲ្យទៅជាចលនារួមគ្នាដ៏ខ្លាំងក្លា និងធ្វើយ៉ាងឲ្យជោគជ័យក្នុង កម្មវិធីគោលនយោបាយថ្មី ដើម្បីដាក់ជូនពលរដ្ឋខ្មែរ គ្រប់ៗគ្នាផងដែរ ។

ភ្លាមៗបន្ទាប់ពីបង្កើត ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី អតីតគណបក្សសង្រ្គោះជាតិ (CNRP) ក៏បានចេញសេចក្ដីថ្លែងការណ៍ បដិសេធមិនទទួលស្គាល់រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដោយពួកគេចាត់ទុកថា ជាបោះឆ្នោតក្លែងក្លាយ ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៦ កញ្ញា បានឲ្យដឹងថា “រដ្ឋសភាឯកបក្សនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈ ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាងឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេសបានដែរ ព្រោះឆន្ទៈប្រជាពលរដុ្ឋខ្មែរ ជាងពាក់បណ្ដាលប្រទេស ត្រូវបានបិទបាំង និងមិនអាចបង្ហាញនៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៦នេះ” ។

សេចក្ដីថ្លែងការណ៍បន្តថា ការដែលបណ្ដាប្រទេស ប្រជាធិបតេយ្យសំខាន់ៗ ក្នុងពិភពលោកជាម្ចាស់ ជំនួយដ៏សំខាន់ និងជាទីផ្សារសេដ្ឋកិច្ច ដ៏ធំបំផុតរបស់កម្ពុជា មិនបានបញ្ជូនតំណាងរបស់ខ្លួន ទៅចូលរួមសម័យប្រជុំដំបូង របស់រដ្ឋសភាឯកបក្ស នៅថ្ងៃទី៥ កញ្ញា បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បណ្ដាប្រទេសទាំងនោះមិន ទទួលស្គាល់ភាពស្របច្បាប់ របស់រដ្ឋសភាឯកបក្ស និងរដ្ឋាភិបាលដែលកើតចេញ ពីការបោះឆ្នោតក្លែងក្លាយឡើយ ។

ប្រភពបន្ថែមថា រដ្ឋសភាឯកបក្សដែល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា នឹងនាំឲ្យកម្ពុជាត្រូវទទួល រងទណ្ឌកម្មផ្សេងៗ ពីសហគមន៍អន្តរជាតិ ហើយការបន្តដឹកនាំ របៀបនេះតទៅទៀត រឹតតែនាំតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រងការឈឺចាប់ ។

ប៉ុន្តែអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (ប្រ.ជ) លោក សុខ ឥសាន បានថ្លែងថា គណបក្សរបស់លោកមិនចាប់ អារម្មណ៍ចំពោះអតីតបក្ស សង្រ្គោះជាតិឡើយ ព្រោះអតីតបក្សប្រឆាំងនេះ មិនមានតួនាទីអ្វីនៅ ក្នុងជួររដ្ឋាភិបាលឡើយ ។

លោក សុខ ឥសាន បានថ្លែងថា “រឿងគាត់ គាត់ចង់និយាយអី និយាយទៅគ្មានរណា ចាប់អារម្មណ៍ទេ ។ គាត់មានតួនាទីអី គាត់មានតម្លៃអី មកវាយតម្លៃមកដាក់ទទួលស្គាល់ ឬមិនទទួលស្គាល់ នោះយើងគ្មានចាប់អារម្មណ៍អីទេ” ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍មិនទទួលស្គាល់ ឬការទទួលស្គាល់ របស់អតីតបក្សសង្រ្គោះជាតិ ដែលត្រូវបានស្លាប់បានហើយនោះ គឺគ្មានតម្លៃអ្វីទៀតឡើយ ។

ក្នុងនោះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរ ចំពោះសម្តេច ហេង សំរិន ដែលជាប់ជាប្រធានរដ្ឋសភា សម្រាប់អាណត្តិទី៦ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងការបន្តដឹកនាំ ស្ថាប័នរដ្ឋសភាជាតិ ។

សម្រាប់លោក ស សុខា សមាជិករដ្ឋសភាដែលជាកូនប្រុស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃវិញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យទៅកាន់ជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាវិញ ៕

ដោយ៖ អេង គឹមជាង

Facebook Comments

To Top