ព័ត៌មានជាតិ

បណ្ដើរម៉ូតូសុខៗ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយស្លាប់​

ភ្នំពេញ ៖ បុរសម្នាក់បណ្តើរម៉ូតូតាមផ្លូវឌួងងៀប ​ត្រូវ​រថយន្តមិនស្គាល់ម៉ាក មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌ នៅវេលាម៉ោង១០​យប់ ថ្ងៃ​ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​តាមបណ្តោយផ្លូវឧកញ៉ាឌួងងៀប ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ មុន្នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរក្រុមហ៊ុនEDC ឯកជនចំការដូង ស្នាក់នៅ ផ្ទះលេខ៤៥ដេ ផ្លូវ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជិះម៉ូតូ​ម៉ាក ហុងដាស្កុបពី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BB-5138​ ទិសដៅពីត្បូងទៅជើង ​​ស្រាប់តែម៉ូតូបានរលត់ ពេលនោះជនរងគ្រោះ បានចុះបណ្តើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកពីក្រោយ ហើយបុកម៉ូតូពេញទំហឹង ប៉ើងជាងដប់ម៉ែត្ររួចកិន ជនរងគ្រោះស្លាប់នៅនិងកន្លែងតែម្តង ។ ភ្លាមៗរថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់គេចបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញ ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក​។ ដោយឡែកសាកសព សាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕ដោយ៖ព្រឿង វិសាល

Facebook Comments

To Top