កីឡា

ណាហ្គាវើលដ៍ ផ្តល់ប្រាក់រង្វាន់ ជូនដល់អត្តពលិក ឈ្នះមេដាយកីឡាទ្វីបអាស៊ី

ភ្នំពេញ៖ ដើម្បីអបអរ ដល់ការបំបែកឯតទគ្គកម្ម របស់ប្រទេសកម្ពុជា ក្នុងការដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍កីឡាទ្វីប អាស៊ីឆ្នាំ ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី ណាហ្គាវើលដ៍ បានរៀបចំពិធី ប្រគល់រង្វាន់ពិសេសមួយនៅថ្ងៃនេះ ដើម្បីផ្តល់រង្វាន់ដល់អត្តពលិកកម្ពុជា ដែលបានយកមេដាយមកជូនជាតិ។ ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលចូលរួមដោយលោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មន្ត្រី NOCC អត្តពលិក និងគណៈគ្រប់គ្រង របស់ណាហ្គាវើលដ៍ ក្រោមបរិយាកាសដ៏រីករាយបំផុត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

កីឡាការិនីវិញ្ញាសាជឺជីតស៊ូ មេដាយមាសវ័យ ១៦ ឆ្នាំក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម កញ្ញា ខាន់ ចេសា និងកីឡាករមេដាយមាសវិញ្ញាសាម៉ូតូទឹក Ski Modified លោក សាលី អ៊ូមើត ទទួលបាន ១០.០០០ (មួយម៉ឺន)ដុល្លារអាមេរិកក្នុងម្នាក់ៗ ពីណាហ្គាវើលដ៍ ។ ហើយណាហ្គាវើលដ៍ ក៏បានផ្តល់ ៣.០០០ (បីពាន់) ដុល្លារអាមេរិក បន្ថែមដល់អ៊ូមើតផងដែរ សម្រាប់មេដាយសំរឹទ្ធក្នុងវិញ្ញាសាម៉ូតូទឹក Runabout 1100 Stock ដែលគាត់បានឈ្នះ ។ ណាហ្គាវើលដ៍ ក៏បានផ្តល់ទឹកប្រាក់បន្ថែមចំនួន ១.៥០០ (មួយពាន់ប្រាំរយ)ដុល្លារអាមេរិក ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរសម្រាប់មេដាយទាំង ៣ គ្រឿងដែលអត្តពលិក របស់យើងបានឈ្នះ ។

នៅក្នុងសុន្ទរកថា ក្នុងពិធីប្រគល់រង្វាន់នេះ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ អត្តពលិកជ័យលាភីរបស់យើង ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ ២០១៨ ។ មេដាយមាស ២ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង គឺជាលទ្ធផលល្អបំផុត ដែលកម្ពុជាមិនធ្លាប់ធ្វើបាន ក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ី ហើយណាហ្គាវើលដ៍ មានមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះស្នាដៃដ៏ត្រចះត្រចង់ របស់អត្តពលិកកម្ពុជា ក្នុងការជួយធ្វើឲ្យលេខរៀងកីឡារបស់កម្ពុជា មានចំណាត់ថ្នាក់ល្អ ជាងមុនក្នុងចំណោមប្រទេស ៤៥ ដែលបានចូលរួមប្រកួត” ។

លោកបន្តថា “ស្នាដៃនេះ សរបញ្ជាក់ឲ្យឃើញថា ការខឹតខំប្រឹងប្រែងរបស់ NOCC ដោយមានការឧបត្ថម្ភគាំទ្រ ពីណាហ្គាវើលដ៍ ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ពិតជាមានផ្លែផ្កាល្អ ។ ណាហ្គាវើលដ៍ ពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងនេះ ជាមួយគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ហើយយើងសង្ឃឹមយ៉ាងមុតមាំថា វិស័យកីឡានៅកម្ពុជា នឹងកាន់តែរះត្រចះត្រចង់ នៅលើឆាកអន្តរជាតិ ។

ណាហ្គាវើលដ៍ ចូលរួមអភិវឌ្ឍវិស័យកីឡា ៖ ណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនឯកជនទីមួយ នៅក្នុងប្រទេសកម្ពុជា ដែលបានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធភាពជាមួយ NOCC ក្នុងការឧបត្ថម្ភគាំទ្រក្រុមកីឡាកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១២ ក្នុងទីក្រុងឡុងដ៍ ។ បន្ទាប់មក ណាហ្គាវើលដ៍ បានចុះកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំសហការជាមួយ NOCC ក្នុងយុទ្ធនាការនៃដំណើរ ឆ្ពោះទៅរកមេដាយមាស ដែលបានធ្វើឲ្យវិស័យកីឡានៅកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ រួមមាន ព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាដើម ។

លើសពីនេះ ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភគាំទ្រ ដល់កីឡាប្រដាល់សេរីខ្មែរ តេន្នីស បាល់ទាត់ ក្បាច់គុនចម្រុះ និងកីឡាផ្សេងទៀតជាច្រើន ព្រមទាំងបាន ជួយលើកកម្ពស់កិត្តិនាមរបស់កម្ពុជា នៅលើឆាកជាតិ តំបន់ និងអន្តរជាតិផងដែរ តាមរយៈការប្រកួតកីឡា ។ គួររំឭកថា ចាប់តាំងពីឆ្នាំ ២០១៦ ណាហ្គាវើលដ៍ បានរៀបចំពិធីប្រគល់ ពានរង្វាន់កីឡាកម្ពុជា នៅក្នុងសណ្ឋាគាររបស់ខ្លួន ដែលផ្តល់រង្វាន់ដល់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មាន ដែលមានស្នាដៃឆ្នើម ក្នុងវិស័យកីឡាផងដែរ៕ដោយ៖លី ភីលីព

Facebook Comments

To Top