អន្តរជាតិ

គ្រោះទឹកជំនន់ និងបាក់ដី វាយប្រហារវៀតណាម សម្លាប់មនុស្សអស់ ១៦នាក់ និងបាត់ខ្លួន ៤នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គណៈកម្មាធិការកណ្តាលដើម្បីត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដី ដែលបណ្តាលមកពី ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម ចាប់តំាងពីចុងសប្តាហ៍មុន បានសម្លាប់មនុស្សអស់ចំនួន ១៦នាក់ និង៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រោះទឹកជំនន់ និងគ្រោះបាក់ដី បានត្រូវគេប្រកាសឲ្យដឹងថា សម្លាប់មនុស្សអស់ចំនួន ១០នាក់ និង២នាក់ទៀតកំពុងបាត់ខ្លួន នៅភាគកណ្តាលខេត្ត Thanh Hoa ។ ទន្ទឹមនឹងនេះដែរ គ្រោះទឹកជំនន់ បានសម្លាប់មនុស្សអស់ចំនួន ៦នាក់ និង៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅខេត្តចំនួន៥ ដែលស្ថិតនៅភាគខាងជើងប្រទេស ក្នុងនោះរួមមាន ខេត្ត Lai Chau, Son La, Yen Bai, Lang Son និង Hoa Binh ។

គណៈកម្មាធិការបានឲ្យដឹងថា គ្រោះទឹកជំនន់ និងបាក់ដី ក៏បានបំផ្លាញផ្ទះអស់ជាច្រើនខ្នង ផ្ទៃដីដាំដុះ ផ្លូវនានា បឹងបួរ និងព្រែកជីកមួយចំនួន និងបានសម្លាប់សត្វគោក្របីអស់ចំនួន ២.៤០០ក្បាល និងសត្វបក្សីចំនួន ១០២.៤០០ក្បាល ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top