ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងប្រកាសលទ្ធផល ប្រឡងបាក់ឌុប នៅថ្ងៃទី៩ កញ្ញា

ភ្នំពេញ៖ លទ្ធផលផ្លូវការនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវប្រកាសលទ្ធផល មុនកាលបរិច្ឆេទ គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រាប់ថ្ងៃទី១០ កញ្ញា នៅបណ្ដាខេត្តផ្សេងៗទៀត ដោយបិទនៅតាម មណ្ឌលប្រឡងនីមួយៗ និងតាមបណ្តាញទំព័រ ហ្វេសប៊ុកផ្លូវការរបស់ក្រសួង Facebook.com/moeys.gov.kh ។

បើតាមគម្រោង នឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់១១ កញ្ញា ប្រកាសនៅតាមបណ្តាខេត្តផ្សេងទៀត ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នៅថ្ងៃទី៦ កញ្ញា បានឲ្យដឹងថា “ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែ និងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធ កុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយ ស្មារតីយកទុកដាក់ និងទទួលខុសត្រូវខ្ពស់ ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ ទាំងអស់ដែលពាក់ព័ន្ធ” ។

សូមរំលឹកថា សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ មានបេក្ខជនប្រឡងសរុបចំនួន ១១៧ ០៦១នាក់ មណ្ឌលចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅទូទាំងរាជធានី-ខេត្តទាំង២៥ ៕

ដោយ៖ អេង ប៊ូឆេង

To Top