ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ខេត្តកំពត ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ប្រឈមជីវភាពខ្វះខាត និងរងគ្រោះដោយខ្យល់រលំផ្ទះ ក្នុងស្រុកបន្ទាយមាស

កំពត៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រី លាង ហៃជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពត រួមនឹងសហការី បាននាំយកនូវអង្ករ និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈមួនចំនួន ដែលជាអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋចាស់ជរាពិការ ដែលប្រឈមបញ្ហាការខ្វះខាតជីវភាព និងរងគ្រោះដោយខ្យលរលំផ្ទះចំនួន៤៣ គ្រួសារ។ ដែលពិធីបានប្រគល់ជូន នៅទីកន្លែងចំនួនពីរ មកពីឃុំមួយចំនួន ក្នុងស្រុកបន្ទាយមាសខេត្តកំពត។

លោកស្រី លាង ហៃ ជាវ តាយ តំណាងកាកបាទក្រហមកម្ពុជា ខេត្តកំពត ក្នុងឱកាសនោះ បានពាំនាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខ នឹករលឹកពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាន អញ្ជើញមកទទួលអំណោយ នាពេលនោះ។ ដែលជានិច្ចកាល សម្ដេចគតិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខនិងជីវភាពរស់នៅ ព្រមទាំងដោះស្រាយ រាល់ការទុក្ខលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនរើសអើង ប្រកាន់ពូជសាសន៍និន្នាការអ្វីឡើយ ពោលគឺទីណា ពេលណា ប្រជាពលរដ្ឋមានទុក្ខលំបាក គឺទីនោះ ពេលនោះ តែងមានកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ ចុះជួយដោះស្រាយ និងឧបត្ថម្ភជានិច្ច ដោយមិនទុក អោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយដាច់ពោះអត់អាហារឡើយ។

លោកស្រី លាង ហៃ ជាវតាយ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ខិតខំយកចិត្តទុកដាក់ជំរុញ លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វរួមផ្សំ ដើម្បីជួយសំរាលជីវភាពបងប្អូន កាន់តែប្រសើរឡើង និងមានការរស់នៅ ដោយលក្ខណៈអនាម័យស្អាត គឺហូមស្អាតផឹកស្អាត ដើម្បីបង្ការជំងឺផ្សេងៗ។ ក្នុងឱកាសនោះ អំណោយដែលបានឧបត្ថម្ភ ប្រជាពលរដ្ឋទាំងចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ១យួរ ស្ករត្នោត១គីឡូក្រាម សាប៊ូ២ដុំ និងថវិកា៦ម៉ឺនរៀល។

ដោយឡែកក្នុងនោះ ចំពោះគ្រួសាររងគ្រោះ ដោយខ្យល់បក់បោករលំផ្ទះ ចំនួន២គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានប្រាក់បន្ថែម១លានរៀល និង២គ្រួសារទៀតបន្ថែម១គ្រួសារៗ ថវិកា៤០ម៉ឺនរៀលផងដែរ៕ដោយៈ វ៉ាន់ ឌឿន

Facebook Comments

To Top