នយោបាយ

Full Story៖ តំណាងរាស្រ្តទាំង១២៥រូប ស្បថចូលកាន់តំណែង

ភ្នំពេញ៖ ក្រោយពីរដ្ឋសភា បានបើកសម័យប្រជុំ ជាលើកដំបូង នីតិកាលទី៦ក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅពេលរសៀលថ្ងៃដដែល តំណាងរាស្ត្រទាំង១២៥រូប បានចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចា ប្រណិធាន នៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រកម្ពុជា មុននឹងចាប់ផ្តើម បំពេញការងាររបស់ខ្លួន ។

ក្នុងកិច្ចប្រជុំ ជាលើកដំបូងរបស់រដ្ឋសភានេះ ក្រៅពីសមាសភាព តំណាងរាស្ត្រទាំង១២៥រូប ក៏មានការអញ្ជើញចូលរួម ពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត បណ្តាប្រទេសចំនួន២២ ប្រចាំនៅកម្ពុជាផងដែរ ។

បន្ទាប់ពីបើក សម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នៃរដ្ឋសភា នឹងចាប់ផ្តើមការងារ របស់ខ្លួនក្រោមអធិបតីភាព សម្តេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា នីតិកាលទី៦ ។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលថ្ងៃទី៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោត ជ្រើសតាំងក្បាលម៉ាស៊ីន រដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះ ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាលអាណត្តិថ្មី ផងដែរ ។

ក្នុងពេលបើកសម័យប្រជុំលើកដំបូង ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទកថា បើកកិច្ចប្រជុំ។ ព្រះមហាក្សត្រកម្ពុជា បានមានជំនឿយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ថ្មី ដែលនឹងទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងព្រះរាជសារថា “ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ថ្មី ដែលនឹងទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ច តាមគោលនយោបាយ បន្តជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ បន្តការអភិវឌ្ឍនិង ពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាព គ្របដណ្ដប់ប្រជាពលរដ្ឋគ្រប់រូប និងអភិរក្ស អភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាព ដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជម្រុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានិងការលើក កម្ពស់សីលធម៌ សម្រាប់ភាពសុខដុម នៃសង្គមជាតិ” ។

ទ្រង់មានព្រះរាជបន្ទូលបន្តថា ដើម្បីសម្រេចបានភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពខ្ពស់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ និងប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌៤គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។

សូមរំលឹកថា ចាប់តាំងពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅ ប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ត។

សម្រាប់ទូតដែលចូលរួម ត្រូវបានលោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា មានបណ្តាទូតចំនួន២២បានចូលរួម ក្នុងនោះ មានអគ្គរាជទូតចូលរួម១៦ ក្រៅពីនេះ ជាតំណាងទូតក្នុងចំណោមទូត៣១នៅកម្ពុជា។ ក្នុងនោះមានបណ្តាអង្គទូតមិនចូលរួមចំនួន៩ ។ ទូតទាំង៩នោះរួមមាន៖ ១. អាមេរិក , ២. កាណាដា , ៣. អូស្រ្តាលី , ៤. បារាំង , ៥. អាឡឺម៉ង់ , ៦. អង់គ្លេស , ៧. ស៊ុយអ៊ែត , ៨. សហគមន៍អឺរុប និង៩. ប៊ុលហ្គារី ។ សម្រាប់ទូតកាណាដា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ។

ទូតទាំង៩នេះ ក្រោយការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជាបានបញ្ចប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺពួកគេមិនបានអបអរសាទរ ដែលកម្ពុជារៀបចំការបោះឆ្នោត បញ្ចប់ដោយជោគជ័យនោះទេ ហើយក៏ប្រកាសមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតដែរ ដោយសារតែអវត្តមាន អតីតគណបក្សសង្រ្គោះជាតិ។

សម្រាប់ករណីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល បានលើកឡើងថា បណ្ដាទូតមួយចំនួន ដែលមិនចូលរួម ក្នុងការបើកសម័យប្រជុំរដ្ឋសភា ជារឿងរបស់ទូតទាំងនោះ ព្រោះពួកគាត់គ្រាន់តែភ្ញៀវកិត្តិយស ជាពិសេសគ្មានមុខនាទី ឬភារកិច្ចក្នុងសភាឡើយ ។

លោកបានថ្លែងថា ជាគោលការណ៍ផ្នែករដ្ឋបាល នៃរដ្ឋសភាតែងតែធ្វើសំបុត្រអញ្ជើញ ដើម្បីចូលរួមក្នុងនាម ប្រទេសជាមិត្ត និងជាភ្ញៀវកិត្តិយស តាមរយៈមន្ត្រីស្ថានទូត ដែលមកនៅកម្ពុជា ។

លោកបន្តថា មិនមានច្បាប់ណា ដែលបង្គាប់ភ្ញៀវ ជាបណ្ដាអង្គទូត ទាំងអស់នៅកម្ពុជា ត្រូវតែចូលរួមក្នុងសម័យប្រជុំសភាដំបូងទេ ។ចំពោះទូតដែលចូលរួមគ្រាន់តែ ក្នុងនាមជាភ្ញៀវកិត្តិយសប៉ុណ្ណោះទេ មិនមានទម្ងន់ទៅលើច្បាប់ទម្លាប់ ឬភាពស្របច្បាប់នៃការ បើកសម័យប្រជុំដំបូងនោះទេ ។

មន្ត្រីជាន់ខ្ពស់រូបនេះ បញ្ជាក់ថា “ចឹងហើយគ្រាន់តែយើង សូមសម្ដែងការគួរសម ការអបអរនឹងភ្ញៀវអន្តរជាតិ ដែលលោកមកចូលរួម នៅក្នុងពិធីដ៏ឧត្ដុង្គឧត្ដម វិសេសវិសាល នៃការបើកដំណើរការ សភាអាណត្តិទី៦ ហើយអ្នកដែលមិនបានមក អាហ្នឹងជារឿងរបស់អ្នកមិនបានមក ត្បិតអីគេទាំងអស់ហ្នឹង គ្រាន់តែជាភ្ញៀវកិត្តិយស មិនមាននិន្នាការ នៅក្នុងរឿងនយោបាយ ឬមិនមាននិន្នាការនៅក្នុងការងារច្បាប់ទេ” ។

លោកបន្ថែមថា ស្ថានទូតទាំងអស់នោះ ស្ថិតនៅស្រុកខ្មែរ គឺតំណាងឲ្យកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូច្នេះការងារចាប់ពីថ្ងៃ៦ កញ្ញា អគ្គរដ្ឋទូតទាំងអស់ ត្រូវតែមកសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី ដើម្បីធានាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជាមិត្ត ។

ពាក់ព័ន្ធនឹងទូត ដែលមិនចូលរួម ប្រជុំសភាដំបូងនេះ លោកគូសបញ្ជាក់ថា លោកមិនឲ្យតម្លៃ ដល់ទូតទាំងនោះ ក្នុងការបង្ហាញពីភាព មិនស្របច្បាប់ មកលើរដ្ឋសភាកម្ពុជា ជាពិសេសប្រសិនបើ មើលទៅងាររបស់ទូតទាំងនោះ មិនស្មើនិងអនុរដ្ឋលេខាធិការ នៅកម្ពុជាផង ។

ចំពោះអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា ការបើកសម័យប្រជុំ ដំបូងនីតិកាលទី៦ គឺជាថ្ងៃដ៏ប្រវត្តិសាស្ត្រសំខាន់មួយទៀត សម្រាប់កម្ពុជា ។
ប្រជុំដំបូងនៃរដ្ឋសភា បានដំណើរការតាម កម្មវិធីលំដាប់លំដោយ ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភា និងមានតំណាងរាស្ត្រ ជាប់ឆ្នោត៥រូប ដែលមានអាយុតិចជាងគេ ជាលេខាធិការកត់ត្រា ។

តំណាងរាស្ត្រជាប់ឆ្នោត ទាំង១២៥រូប ត្រូវបានប្រកាសសុពលភាព ដោយប្រធានអង្គប្រជុំ តាមសេចក្តីសម្រេច ផ្លូវការរបស់គ.ជ.ប ។

លោកគូសបញ្ជាក់ថា “ដំណើរការប្រជុំដំបូងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល បានប្រព្រឹត្តទៅដោយរលូន តាមកម្មវិធីគ្រោងទុកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងពង្រឹងនីតិរដ្ឋ ដែលជាសិទ្ធិសម្រេច ដ៏ពេញលេញរបស់ប្រជាជនកម្ពុជា ជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិខ្លួន” ។

គណបក្សឆន្ទៈខ្មែរ ដែលមានប្រធានគណបក្សលោក គង់ មុនីកា ដែលត្រូវជាកូនប្រុសបង្កើត របស់អ្នកនយោបាយជើងចាស់ លោក គង់ គាំនោះ ហើយដែលបានអះអាង ពីជ័យជម្នះរបស់ខ្លួន ក្នុងការបោះឆ្នោតថា មានអ្នកគាំទ្រច្រើនគួរសមនោះ បានប្រកាសគាំទ្រ ការបើកសម័យប្រជុំ រដ្ឋសភានីតិកាលទី៦ ជាលើកដំបូង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍ របស់គណបក្សបានឲ្យដឹងថា “ថ្ងៃនេះ គាំទ្រសម័យប្រជុំលើកដំបូង ដែលប្រកាសសុពលភាព តំណាងរាស្រ្តជាប់ឆ្នោត ចូលស្បថក្រោម ព្រះរាជធិបតីភាព របស់ព្រះមហាក្សត្រ ដើម្បីរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៦ ចាប់ដំណើរការជាផ្លូវការ និងស្របច្បាប់ បន្តគ្រប់គ្រងដឹកនាំកម្ពុជា ក្នុងស្ថេរភាព និងភាពសុខចំរើន ដើរតាមគន្លងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩៣ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាទៀងទាត់តទៅ” ៕

ដោយ៖អេង គឹមជាង

Facebook Comments

To Top